អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា លោកខាងលិច កំពុងព្យាយាមបំផ្លាញគោលការណ៍ជាមូលដ្ឋានរបស់ច្បាប់អន្តរជាតិ និងបំផ្លាញសុចរិតភាពនៃច្បាប់នេះ ជាពិសេសបន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។

លោកបានថ្លែងនៅវេទិកាច្បាប់អន្តរជាតិក្នុងទីក្រុង St. Petersburgថា៖«ទាក់ទងនឹងនយោបាយ និងបញ្ហាមនុស្សធម៌ លោកខាងលិចបានខិតខំប្រឹងប្រែងជាប់លាប់ ដើម្បីបំផ្លាញគោលការណ៍ជាមូលដ្ឋានរបស់ ច្បាប់អន្តរជាតិ និងបំផ្លាញសុចរិតភាពជាប្រព័ន្ធរបស់វា។ ដំណើរការនេះ មានភាពសកម្មជាពិសេស ហើយនេះគឺជារឿងគួរឲ្យសោកស្តាយក្នុងការទទួលស្គាល់ ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត»។
លោក Medvedev បានកត់សម្គាល់ថា ប្រជាជននៃពិភពលោកកំពុងឆ្ពោះទៅរកសមភាព និងឯករាជ្យភាព «ដោយចំណាយលើកិច្ចខិតខំប្រឹងប្រែងដ៏ធំតាមរយៈការបង្ហូរឈាម និងសោកនាដកម្ម» ហើយការចូលរួមចំណែកដ៏មានតម្លៃរបស់សហភាពសូវៀតនៅទីនេះ គឺការប្រែក្លាយជ័យជម្នះលើណាស៊ីនិយមទៅជាលក្ខខណ្ឌនៃសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ៕
