ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី រាយការណ៍ដោយលើកប្រភពពីសេវាកម្មសង្រ្គោះបន្ទាន់ក្នុងស្រុកថា មនុស្ស ៣នាក់ ត្រូវបានសម្លាប់ នៅទីក្រុង Horlivka កាន់កាប់ដោយរុស្ស៊ី កាលពីថ្ងៃពុធ ពេលដែលខ្លោងទ្វារចូលអគារផ្ទះល្វែងបានបាក់ ក្រោយការវាយប្រហាររបស់យានដ្រូន ។
អ្នកស្រី Nina គឺជាអ្នកស្រុករស់នៅក្នុងអគារផ្ទះល្វែងនេះ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការវាយប្រហារខាងលើ បានកើតឡើងក្រោយវេលាម៉ោង ១យប់រលងអាធ្រាត្រម៉ោងក្នុងស្រុក ថ្ងៃពុធ ។

អ្នកស្រី Nina ថា ភ្លាមៗនោះ អ្នករាល់គ្នា នាំគ្នារត់ចេញក្រៅ ខណៈមនុស្សប្រុសមកដឹកស្រ្តីម្នាក់ទៅកាន់មន្ទីរពេទ្យ អំឡុងពេលដែលរថយន្តគិលានសង្រ្គោះ កំពុងធ្វើដំណើរមកតាមផ្លូវ ។
អ្នកស្រីនិយាយទៀតថា ក្នុងរយៈពេលចុងក្រោយនេះ យានដ្រូនយោធា ត្រូវបានមើលឃើញញឹកញាប់ នៅក្នុងទីក្រុងរបស់គាត់ មិនសំខាន់ថាពេលយប់ ឬពេលថ្ងៃនោះទេ ។
ទីក្រុង Horlivka ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០១៤រហូតមក ។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ទីក្រុងមួយនេះ រងការវាយប្រហារជាច្រើនលើកច្រើនសារ ដែលនាំឲ្យមានគ្រោះថ្នាក់ដល់ជនស៊ីវិលយ៉ាងច្រើន ៕
