ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) ថា សមភាគីអ៊ុយក្រែនរបស់លោក គឺលោក Volodymyr Zelenskyy ដែលលោកធ្លាប់បាននិយាយថា មិនមាន «សន្លឹកបៀ» ដើម្បីទទួលបានជ័យជម្នះនោះ កំពុងធ្វើបានល្អ ក្នុងសង្គ្រាមប្រឆាំងនឹងកងកម្លាំងឈ្លានពានរបស់រុស្ស៊ី។
ក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យប្រធានាធិបតី Oval Office លោក Trump បាននិយាយអំពីលោក Zelenskyy ថា៖ «គាត់កំពុងធ្វើបានល្អគួរសម។ យ៉ាងហោចណាស់គាត់កំពុងទប់ទល់បាន។ មនុស្សជាច្រើនបានស្លាប់ សម្រាប់ភាគីទាំង២ ប៉ុន្តែខ្ញុំគិតថា គាត់កំពុងធ្វើបានល្អគួរសម»។
មេដឹកនាំអាមេរិកបានបន្ថែមថា៖ «អ្នកត្រូវតែនិយាយថា គាត់មានភាពក្លាហាន គាត់មានគ្រឿងយុទ្ធោបករណ៍ដ៏អស្ចារ្យ ហើយគាត់មានមនុស្សដ៏អស្ចារ្យ ពោលគឺគាត់មានយុទ្ធជនដ៏អស្ចារ្យ»។
អ្នកវិភាគលើកឡើងថា អ៊ុយក្រែនកំពុងទប់ទល់បានកាន់តែល្អ នៅសមរភូមិ ប៉ុន្តែទីក្រុងរបស់ខ្លួន នៅតែជាគោលដៅនៃការវាយប្រហារដ៏ខ្លាំងក្លារបស់រុស្ស៊ី នៅក្នុងជម្លោះដែលឥឡូវនេះមានរយៈពេលយូរជាងសង្គ្រាមលោកលើកទី១។
លោក Trump និងលោក Zelenskyy ថ្មីៗនេះ បានជួបគ្នា ក្នុងអំឡុងពេលមានកិច្ចប្រជុំកំពូលក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) នៅប្រទេសបារាំង ជាកន្លែងដែលមេដឹកនាំបានយល់ព្រមបង្កើនសម្ពាធលើរុស្ស៊ី ដើម្បីឲ្យបញ្ចប់សង្គ្រាមជាង ៤ឆ្នាំជាមួយអ៊ុយក្រែន៕