ក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានបន្ដយកឈ្នះក្រុមសៀមរាបអេហ្វស៊ី ទាំងប្រផិតប្រផើយ ១-០ ដើម្បីរក្សាកំណត់ត្រាឈ្នះ ១០ប្រកួតជាប់គ្នា នៃលីគនារីកម្ពុជា ឆ្នាំ២០២៦ ស្របពេលក្រុមព្រះខ័នរាជស្វាយរៀង បានឡើងមកឈរលេខ៣ វិញ ក្រោយយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ១២-០។
សម្រាប់ជំនួបជើងទី២ នៅកីឡដ្ឋានខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែមិថុនាកន្លងទៅ ភ្នំពេញក្រោន នៅតែមិនងាយស្រួលក្នុងការស្វែងរកគ្រាប់បាល់លើក្រុមសៀមរាបអេហ្វស៊ី ពោលគឺបានបញ្ចប់ត្រឹមជ័យជម្នះ ១-០ ដូចកាលពីជួបគ្នាជើងទី១ ។ លទ្ធផលនេះ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ ដ្បិតរាល់ជ័យជម្នះរបស់ភ្នំពេញក្រោន តែងរកបានលើសពី ២គ្រាប់ តែសូម្បីជួបក្រុមវិសាខា ក៏ពួកគេអាចរកបាន ៤គ្រាប់ តែពេលជួបសៀមរាបអេហ្វស៊ី គឺរកបានត្រឹម ១គ្រាប់ទាំង ២ជើង។
យ៉ាងណាជ័យជម្នះនេះ បានធ្វើឲ្យភ្នំពេញក្រោន រក្សាបាននូវភាពខ្លាំងរបស់ខ្លួន ដោយបន្ដកំណត់ត្រាឈ្នះជាលើកទី១០ ក្នុងរដូវកាលនេះ ជាមួយការរកបាន ៣០ពិន្ទុ ឈរកំពូលតារាង នាំមុខក្រុមវិសាខា ដែលឈរលេខ២ រកបាន ២៣ពិន្ទុ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមណាហ្គាវើលដ៏ ដោយលទ្ធផល ៣-០ ស្របពេលក្រុមព្រះខ័នរាជស្វាយរៀប បានរំកិលមកឈរលេខ៣ រកបាន ២១ពិន្ទុ នាំមុខក្រុមសៀមរាបអេហ្វស៊ី ដែលធ្លាក់ទៅឈរលេខ៤ វិញ ដោយរក្សា ១៨ពិន្ទុក្នុងដៃ។
ចំណែកក្រុមបាល់ទាត់នារីបឹងកេត បានយកឈ្នះក្រុម XO United ដោយលទ្ធផល ៤-១ ដើម្បីរក្សាក្ដីសង្ឃឹមតិចតួចរបស់ខ្លួន ក្នុងការប្រជែងកៅអី Top-4 ។ បច្ចុប្បន្នបឹងកេត កំពុងឈរលេខ៥ និងមាន ១៤ពិន្ទុ ចាញ់ប្រៀបក្រុមឈរលេខ៤ ចំនួន ៤ពិន្ទុ។ រីឯការបរាជ័យរបស់ក្រុម XO United និងក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានអស់ឱកាសប្រជែងកៅអីវគ្គបន្ដជាផ្លូវការ លើកលែងក្រុមណាហ្គាវើលដ៏ ដែលសល់ឱកាសស្ដួចស្ដើងបំផុត៕ អត្ថបទ លី ឈុនឡា


