រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា កងទ័ពរបស់ប្រទេសនេះ នឹងបន្តនៅក្នុងតំបន់សន្តិសុខនៅក្នុងប្រទេសលីបង់ និងស៊ីរី ក៏ដូចជានៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប «ដោយគ្មានកំណត់ពេលវេលា»។

លោកបានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សនាយទាហាននៃកងកម្លាំងការពារអ៊ីស្រាអែល
(IDF)ថា៖«យើងនឹងមិនសម្របសម្រួលលើផលប្រយោជន៍សន្តិសុខសំខាន់បំផុតរបស់អ៊ីស្រាអែលទេ គឺយើងការពារទាហានរបស់យើង និងការពារពលរដ្ឋរបស់យើង ហើយយើងនឹងមិនដកខ្លួនចេញពីតំបន់សន្តិសុខនោះទេ»។
លោកបានបន្ថែមថា៖«ប្រសិនបើអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល ដោយសារតែសកម្មភាពរបស់យើងនៅក្នុងប្រទេសលីបង់ ឬសម្រាប់ហេតុផលផ្សេងទៀត យើងនឹងវាយប្រហារប្រទេសនេះដោយកម្លាំងពេញ លេញ»។
ដោយដកស្រង់សម្តីមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកម្នាក់ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលបានដកខ្លួនចេញពីផ្នែកមួយនៃតំបន់ទ្រនាប់នៅភាគខាងត្បូងប្រទេសលីបង់។ សេវាសារព័ត៌មានរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រាប់សារព័ត៌មាន TASS នៅពេលពេលថ្ងៃដដែល ថា អ៊ីស្រាអែលមិនទាន់បានដកកងទ័ពចេញពីភាគខាងត្បូងប្រទេសលីបង់ទេ ហើយទីតាំងរបស់ទាហាននៅក្នុងតំបន់សន្តិសុខនៅទីនោះ នៅមិនទាន់មានការផ្លាស់ប្តូរទេ៕
