ដោយដកស្រង់ការស្ទង់មតិចុងក្រោយរបស់ស្ថាប័ន Gallup Korea ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍នៅថ្ងៃសុក្រ (ទី២៦ ខែមិថុនា ឆ្នាំ២០២៦) នេះថា ប្រជាប្រិយភាពរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែមិថុនាឆ្នាំមុន។
ការស្ទង់មតិលើមនុស្សពេញវ័យចំនួន ១.០០០នាក់ បានរកឃើញថា ការគាំទ្រ ចំពោះលោក Lee បានធ្លាក់ចុះ ៦ភាគរយ ពីកម្រិតកាលពី ២សប្តាហ៍មុន ដោយមកនៅត្រឹម ៥១ភាគរយ ខណៈដែលការមិនពេញចិត្តចំពោះរូបលោក បានកើនឡើងដូចគ្នាដល់ ៤១ភាគរយ ជាលើកដំបូងដែលកម្រិតបានលើសពី ៤០ភាគរយ នៅក្នុងការស្ទង់មតិរបស់សា្ថប័ន Gallup។
អ្នកឆ្លើយតបបានលើកឡើងពីក្ដីបារម្ភ អំពីសេដ្ឋកិច្ច គោលនយោបាយលំនៅឋាន និងភាពមិនប្រក្រតីដែលពាក់ព័ន្ធនឹងគណៈកម្មការរៀបចំការបោះឆ្នោតជាតិ ជាហេតុផលចម្បង សម្រាប់ការវាយតម្លៃអវិជ្ជមានរបស់ពួកគេ។
ជាមួយគ្នានេះ ការគាំទ្រ ចំពោះគណបក្សប្រជាធិបតេយ្យកូរ៉េ (Democratic Party of Korea) ដែលកំពុងកាន់អំណាច នៅតែមិនប្រែប្រួលនៅកម្រិត ៤១ភាគរយ ខណៈដែលប្រជាប្រិយភាពរបស់គណបក្សប្រឆាំងដ៏សំខាន់ គឺគណបក្សអំណាចប្រជាជន (People Power Party) បានធ្លាក់ចុះ ២ភាគរយ មកត្រឹម ២៧ភាគរយ។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ ហើយមានកម្រិតល្អៀង ៣,១ភាគរយ៕

