ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡាលោកស្រី Delcy Rodríguez និយាយថា ចំនួនមនុស្សស្លាប់នៅក្នុងការរញ្ជួយដីប្រទេសរបស់លោកស្រីបច្ចុប្បន្ន បានកើនឡើងដល់ ៥៨៩នាក់ ក្នុងនោះ មនុស្ស ២.៩៨០នាក់ រងរបួស ។
ការអះអាងរបស់លោកស្រី Rodríguez បានកើតមានឡើង ស្របពេលដែលក្រុមជួយសង្រ្គោះអន្តរជាតិ បានធ្វើដំណើរទៅដល់ប្រទេសវេណេស៊ុយអេឡា ដើម្បីជួយស្វែងរកអ្នករស់រាន ក្នុងនោះក្រុមជួយសង្រ្គោះស្វីស ៨០នាក់ និងក្រុមការងារជំនួយម៉ិកស៊ិក បានទៅដល់ទីតាំងរងគ្រោះដោយសារការរញ្ជួយដី ។
ក្រុមការងារសង្រ្គោះក្នុងស្រុក បានចុះប្រតិបត្តិការស្វែងរកពេញមួយយប់ នៅតាមអគារបាក់រលំ នៅក្នុងទីក្រុង Caracas និងរដ្ឋ La Guaira ក្នុងនោះ មនុស្សត្រូវបានគេឮសំឡេងស្រែកហៅឲ្យជួយពីក្រោមកម្ទេចកម្ទី ។ នៅមុននេះ ស្រ្តីម្នាក់ ត្រូវបានទាញចេញទាំងរស់ ពីគំនរបាក់បែក ។
គ្រូពេទ្យនៅរដ្ឋ La Guaira និយាយប្រាប់ BBCថា មន្ទីរពេទ្យធំ ២កន្លែង នៅក្នុងរដ្ឋលើសចំណុះទាំងស្រុង បូករួមទំាងកង្វះខាតធ្ងន់ធ្ងរលើគ្រឿផ្គត់ផ្គង់វេជ្ជសាស្រ្ត បង្កការលំបាកកាន់តែខ្លាំងដល់កិច្ចខិតខំសង្រ្គោះអាយុជីវិតជនរងគ្រោះ ។
សូមបញ្ជាក់ថា ការរញ្ជួយដីដ៏ខ្លាំងក្លា ២លើក ក្នុងកម្រិត ៧,២រ៉ិចទ័រ និង ៧,៥រ៉ិចទ័រ បានវាយប្រហារប្រទេសវេណេស៊ុយអេឡា កាលពីយប់ថ្ងៃពុធ ហើយការរញ្ជួយដីលើកទី ២ គឺជាការរញ្ជួយដីខ្លាំងក្លាបំផុតវាយប្រហារប្រទេសមួយនេះ ចាប់តាំងពីឆ្នាំ ១៩០០រហូតមក ៕