ភូមិដ្ឋានប្រជាពលរដ្ឋជាច្រើនកន្លែងនៅរដ្ឋភាគឦសាន Assam ប្រទេសឥណ្ឌា បានរងការជន់លិច ក្រោយការបញ្ចេញទឹកពីគម្រោងវារីអគ្គិសនី Ranganadi ។
សារព័ត៌មានរាយការណ៍ថា ទឹកជំនន់ដ៏គំហក់នៅស្រុក Keyi Panyor ស្ថិតក្នុងរដ្ឋជិតខាង Arunachal Pradesh បានធ្វើឲ្យកម្រិតទឹកឡើងភ្លាមៗ នៅខ្សែទឹកខាងក្រោម ស្ថិតក្នុងស្រុក Lakhimpur របស់រដ្ឋ Assam ។
នៅរដ្ឋ Arunachal Pradeshទឹកជំនន់ត្រូវបានគេមើលឃើញហូរយ៉ាងខ្លាំងឆ្លងកាត់ទីលំនៅស្ថានរបស់ប្រជាពលរដ្ឋ ក៏ដូចជាហូររំលើងគល់ដើមឈើ ហើយកម្ទេចកម្ទី ត្រូវបានគេមើលឃើញរាយប៉ាយពាសពេញផ្លូវដែលជន់លិចដោយសារទឹកជំនន់ ។
ក្រុមអាជ្ញាធររដ្ឋដោយមានការគាំទ្រពីទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយ និងឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាស បានចុះប្រតិបត្តិការជួយសង្រ្គោះ និងផ្តល់ជំនួយ ដោយពួកគេបានដាក់ពង្រាយមន្រ្តីរបស់ខ្លួន និងការផ្គត់ផ្គង់បន្ទាន់ទៅកាន់តំបន់រងគ្រោះដែលមិនអាចចូលទៅដល់ ។
ចំណែកឯអ្នកស្រុកនៅរដ្ឋ Assam វិញ និយាយថា ទឹកជំនន់បានចាប់ផ្តើមកើតមាន ក្រោយពេលទឹកបញ្ចេញពីទំនប់វារីអគ្គិសនី Ranganadi ធ្វើឲ្យពួកគេមានពេលតិចតួចប៉ុណ្ណោះ ក្នុងការផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព ឬការពារបសុសត្វរបស់ពួកគេ ។
គួរឲ្យដឹងថា តំបន់ភាគឦសានប្រទេសឥណ្ឌា តែងតែញាំញីដោយសារភ្លៀងធ្លាក់ខ្លាំង ដែលនាំឲ្យកើតមានបំណាក់ដីស្លាប់មនុស្ស និងទឹកជំនន់ដ៏គំហក់ ធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ ៕

