អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនបានវាយប្រហារគោលដៅដែលមានទំនាក់ទំនងជាមួយកងកម្លាំងសហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ (ទី២៧ ខែមិថុនា ឆ្នាំ២០២៦) នេះ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារពីលើអាកាសរបស់អាមេរិក នៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេស ខណៈដែលភាគីម្ខាងៗបន្តចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើកិច្ចព្រមព្រៀងកាលពីសប្តាហ៍មុន ជាកតិកាសញ្ញាដែលមានបំណងបញ្ចប់សង្គ្រាមរយៈពេល ៤ខែ។
យ៉ាងណាក្ដី ក្រសួងការបរទេសអ៊ីរ៉ង់មិនបានបង្ហាញទីតាំងនៃការវាយប្រហារ «ការពារ» របស់ខ្លួនឡើយ ដែលខ្លួនបានអះអាងថា ជាការឆ្លើយតបទៅនឹង «ការវាយប្រហារតាមអាកាសដ៏ព្រៃផ្សៃ» ដោយសហរដ្ឋអាមេរិក លើទីកន្លែងឃ្លាំមើលឆ្នេរសមុទ្ររបស់ខ្លួន ជាអ្វីដែលទីក្រុងតេអេរ៉ង់បានបញ្ជាក់ថា ក៏បានរំលោភផងដែរលើធម្មនុញ្ញអង្គការសហប្រជាជាតិ (UN)។
បន្ទាប់មក បារ៉ែន ដែលជាទីតាំងឈរជើងនៃកងនាវាទី៥ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានថ្កោលទោស ចំពោះអ្វីដែលខ្លួនប្រាប់ថា ជាការវាយប្រហារដោយយានដ្រូនរបស់អ៊ីរ៉ង់ លើទឹកដីរបស់ខ្លួន ដោយបានចាត់ទុកថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន ដោយបន្ថែមថា ខ្លួនរក្សាសិទ្ធិក្នុងការការពារខ្លួន។
ទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះរបាយការណ៍របស់អ៊ីរ៉ង់ អំពីការវាយប្រហារគោលដៅអាមេរិក ជាយុទ្ធសាស្ត្រមួយដែលបានព្យាយាមធ្វើឱ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ចុះខ្សោយ អំឡុងជម្លោះនេះ។ ចំណែកយោធាសហរដ្ឋអាមេរិកបានឲ្យដឹងថា ការវាយប្រហាររបស់ខ្លួន កាលពីថ្ងៃសុក្រ គឺជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយានដ្រូនរបស់អ៊ីរ៉ង់ លើនាវាដឹកទំនិញ ១គ្រឿង នៅក្នុងច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ថាមពលពិភពលោក។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា ឆ្មាំបដិវត្តន៍របស់ប្រទេសនេះ បានផ្តល់ «ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់» បន្ទាប់ពីកងកម្លាំងអាមេរិក បានវាយប្រហារប៉មទំនាក់ទំនងមួយ នៅក្នុងទីក្រុងកំពង់ផែ Sirik។ ហើយទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់ បានឲ្យដឹងថា កំពង់ផែនេះកំពុងដំណើរការធម្មតា ដោយគ្មានការខូចខាតណាមួយត្រូវបានរាយការណ៍ឡើយ សម្រាប់គ្រឿងបរិក្ខារ ឬឧបករណ៍ផ្សេងៗ៕
