ភ្នំពេញ៖ មេទ័ពជប៉ុនបានអះអាងថា កងទ័ពទាំងពីរ ជប៉ុន និងកម្ពុជាបានពិភាក្សា ឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យការពារជាតិស្របតាមសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ(Yamasaki Koji) អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន បានបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៩មេសានេះ ។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអ្នកនាំពាក្យសម្តេចតេជោបានឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម យ៉ាម៉ាសាគិ បានគោរពកោតសរសើរកម្ពុជាដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គ ការសហប្រជាជាតិទៅទូទាំងពិភពលោក និងបានគោរពជម្រាបជូនសម្ដេច អំពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជាដែលបានជួបជាមួយថ្នាក់ដឹកនាំនានា ជាពិសេសដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំង២។
ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណ និងសម្ដែងនូវការគាំទ្រចំពោះកិច្ចពិភាក្សាជាមួយនឹងឯកឧត្តម វង្ស ពិសេន និងឯកឧត្តម ហ៊ុន ម៉ាណែត ចំពោះអ្វីដែលបានលើកឡើង ហើយសម្តេចក៏បានលើកទឹកចិត្តឱ្យកងទ័ពទាំងពីរ ជាមួយនឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ត្រូវយកចិត្តទុកដាក់ជាពិសេសលើការហ្វឹកហ្វឺនរួមគ្នាក្នុងការសង្គ្រោះបន្ទាន់ នូវគ្រោះមហន្តរាយនិងទប់ស្កាត់អំពើភេរវកម្ម៕ អត្ថបទ៖ មុត សុត





