ស៊ីហ្គេម៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកការផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជុំវិញការរៀបចំមធ្យោបាយធ្វើដំណើរដល់ប្រតិភូ និងអត្តពលិកទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាម គឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងយល់ច្បាស់ពីចិត្ដសាស្ដ្រ។
ការលើកឡើងនេះបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសិក្សាជាមួយភាគីពាក់ព័ន្ធ ពិសេសក្រុមហ៊ុនហោះហើរក្នុងស្រុកដើម្បីរៀបចំការដឹកជញ្ជូនប្រតិភូ និងអត្តពលិកកម្ពុជា ដោយធ្វើការហោះហើរត្រង់ពីកម្ពុជាទៅទីក្រុងហាណូយ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម។ តាមរយៈនេះក្នុងនាមនាយបេសកកម្ម ដោយមានការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន បានប្ដេជ្ញានឹងរៀបចំឲ្យអស់ពីលទ្ធភាព តាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីធានាបាននូវគុណផលកីឡាមួយកម្រិតទៀត សម្រាប់ត្រៀមការប្រកួត ដោយផ្អែកលើកម្មវិធីប្រកួតរបស់ប្រភេទកីឡានីមួយៗ ជាមួយភាគីម្ចាស់ផ្ទះវៀតណាម។
សូមបញ្ជាក់ថា ស៊ីហ្គេមលើកទី៣១ នៅវៀតណាមដែលត្រូវបានពន្យាពេលមកពីចុងឆ្នាំ២០២១ នឹងត្រូវរៀបចំការប្រកួតផ្លូវការពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ ជាមួយការកំណត់កីឡាចំនួន ៤០ប្រភេទដាក់ក្នុងការប្រកួតស្មើនឹង ៥២៦វិញ្ញាសា ហើយមានកីឡាករ-កីឡាការិនីចូលរួមសរុប ៧,១១៥នាក់ក្នុងនោះកម្ពុជាត្រូវបញ្ជូនប្រតិភូ និងអត្តពលិកសរុប ៥៦០នាក់ទៅចូលរួមដែលរួមមានថ្នាក់ដឹកនាំ និងមន្ត្រីកីឡាចំនួន ៤៥នាក់, កីឡាករ-កីឡាការិនីចំនួន ៣៦៣នាក់, គ្រូបង្វឹក-គ្រូជំនួយចំនួន ៩៣នាក់, អាជ្ញាកណ្ដាលចៅក្រមអន្តរជាតិចំនួន ១៦នាក់, អ្នកដឹកនាំក្រុមចំនួន ២២នាក់ និងក្រុមគ្រូពេទ្យចំនួន ២១នាក់៕
អត្ថបទ៖ លី ឈុនឡា