អ៊ីរ៉ាក់បានចាប់ផ្តើមការបង្ក្រាបទ្រង់ទ្រាយធំប្រឆាំងអំពើពុករលួយ មុនពេលដំណើរទស្សនកិច្ចរបស់លោក នាយករដ្ឋមន្ត្រី Ali al Zaidi ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅខែក្រោយ។ តាមសេចក្តីរាយការណ៍ ការវាយឆ្មក់ទាំងនេះ បានកំណត់គោលដៅលើអនុរដ្ឋមន្ត្រីប្រេង លោក Ali Maarij ដែលសហរដ្ឋអាមេរិកធ្លាប់បានចោទប្រកាន់ថា បានជួយអ៊ីរ៉ង់។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលបានដកស្រង់ប្រភពសន្តិសុខ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានឆ្មក់ឆែកផ្ទះជាច្រើនខ្នងនៅក្នុងតំបន់បៃតងដែលមានកំពែងរឹងមាំរបស់ទីក្រុងបាកដាដ នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ។ តំបន់នោះជាទីតាំងរបស់ស្ថានទូតអាមេរិក ក៏ដូចជាបេសកកម្មការទូតផ្សេងទៀត ការិយាល័យស្ថាប័នអន្តរជាតិ និងលំនៅឋានរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងអ្នកនយោបាយសំខាន់ៗ។
កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ INA អ៊ីរ៉ាក់បានរាយការណ៍ថា មន្ត្រីយ៉ាងតិច ៤៧នាក់ ត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលវាយឆ្មក់នោះ។ សារព័ត៌មាននេះក៏បានចេញផ្សាយបញ្ជីឈ្មោះអ្នកដែលត្រូវបានឃាត់ខ្លួនផងដែរ ដែលមានឈ្មោះ ១៥នាក់។ ក្នុងចំណោមពួកគេគឺលោក Maarij ដែលទីភ្នាក់ងារនេះ បាននិយាយថា ត្រូវបានឃាត់ខ្លួនជុំវិញការចោទប្រកាន់ពីបទពុករលួយ»។

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មប្រឆាំងនឹងលោក Maarij ក្នុងខែឧសភា ដោយចោទប្រកាន់លោកថាបានបង្វែរប្រេងអ៊ីរ៉ាក់ ដើម្បីផ្តល់ផលប្រយោជន៍ដល់អ៊ីរ៉ង់ និងកងជីវពលអ៊ីរ៉ាក់ដែលគាំទ្រដោយអ៊ីរ៉ង់។ លោកក៏ត្រូវបានចោទប្រកាន់ពីបទសម្របសម្រួលការនាំចេញប្រេងរបស់អ៊ីរ៉ង់ដោយលាយវាជាមួយប្រេង អ៊ីរ៉ាក់ និងប្រើប្រាស់ឯកសារក្លែងក្លាយ។ នៅពេលនោះដែរ ក្រសួងប្រេងអ៊ីរ៉ាក់ បានបដិសេធការចោទប្រកាន់ទាំងស្រុង៕