អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលតាលីបង់ បាននិយាយនៅថ្ងៃចន្ទនេះថា ការវាយប្រហាររបស់ប៉ាគីស្ថាននៅក្នុងខេត្តភាគខាងកើតចំនួនបីនៃប្រទេសអាហ្វហ្គានីស្ថាន បានសម្លាប់ជនស៊ីវិល ៣៦នាក់ និងរបួស ១៦៣ នាក់។
លោក Hamdullah Fitrat បានបង្ហោះនៅលើគណនី X របស់ខ្លួនថា៖«ការវាយប្រហារដែលបានធ្វើឡើងកាលពីយប់ថ្ងៃអាទិត្យ បានបណ្តាលឲ្យជនស៊ីវិល ៣៦ នាក់ ស្លាប់ ក្នុងនោះមានស្ត្រី និងកុមារ ខណៈដែល ១៦៣ នាក់ផ្សេងទៀត បានរងរបួស»។
មន្ត្រីបាននិយាយថា កងកម្លាំងសន្តិសុខប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ បានធ្វើប្រតិបត្តិការថ្នើរជើងតាមបណ្តោយព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន បន្ទាប់ពីការវាយប្រហារតាមផែនការ ប្រឆាំងនឹងកន្លែងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ និងកន្លែងសុវត្ថិភាពរបស់ពួកគេ។
នៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយ X រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar បាននិយាយថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុម សកម្មប្រយុទ្ធជាច្រើន នៅទូទាំងប្រទេសនេះ។ ពុំមានការឆ្លើយតបភ្លាមៗពីប្រទេសអាហ្វហ្គានីស្ថានទេ៕

