រដ្ឋមន្ត្រីការពារជាតិប៉ូឡូញបាននិយាយកាលពីថ្ងៃអាទិត្យ (ទី២៨ ខែមិថុនា ឆ្នាំ២០២៦) ថា ការចរចាជាមួយសហរដ្ឋអាមេរិក ជុំវិញការបង្កើតមូលដ្ឋានយោធាអចិន្ត្រៃយ៍របស់អាមេរិកនៅក្នុងប្រទេសនេះ បានចូលដល់ «ដំណាក់កាលបន្ទាប់»។
លោក Wladyslaw Kosiniak-Kamysz បានលើកឡើងនៅលើបណ្ដាញសង្គម X ថា មន្ទីរបញ្ចកោណកំពុងធ្វើការត្រួតពិនិត្យកម្លាំង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានឆ្លើយតបជាវិជ្ជមាន ចំពោះសំណើរបស់ទីក្រុងវ៉ាសូវី។
លោកបានសរសេរថា៖ «បន្ទាប់ពីការឆ្លើយតបជាវិជ្ជមានពីរដ្ឋមន្ត្រីការពារជាតិអាមេរិក ចំពោះសំណើរបស់យើង យើងកំពុងស្ថិតនៅដំណាក់កាលបន្ទាប់នៃការចរចា។ ការត្រួតពិនិត្យកម្លាំងកំពុងដំណើរការនៅមន្ទីរបញ្ចកោណ ដែលនឹងបម្រើជាមូលដ្ឋាន សម្រាប់ការសម្រេចចិត្តបន្ថែមទៀត»។
កាលពីដើមខែនេះ លោក Kosiniak-Kamysz បាននិយាយថា លោកបានស្នើជាផ្លូវការនូវការបង្កើតមូលដ្ឋានយោធាអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសប៉ូឡូញ ដោយសន្យាថា ទីក្រុងវ៉ាសូវី នឹង «ធ្វើអ្វីគ្រប់យ៉ាង ដើម្បីបង្កើនវត្តមានរបស់កងទ័ពអាមេរិក»។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ TVP World។
បច្ចុប្បន្ននេះ កងទ័ពអាមេរិកប្រហែល ១០.០០០នាក់ កំពុងឈរជើងនៅក្នុងប្រទេសប៉ូឡូញ ដោយភាគច្រើនត្រូវបានដាក់ពង្រាយប្ដូរវេន៕


