លោក Pawel Szota ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសរបស់ប្រទេសប៉ូឡូញ នៅថ្ងៃចន្ទ (ទី២៩ ខែមិថុនា ឆ្នាំ២០២៦) នេះ បានអំពាវនាវឱ្យមានការរៀបចំត្រៀមខ្លួនឱ្យដូចជម្លោះជាមួយរុស្ស៊ី ជិតកើតមានហើយ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ TVP World។
លោក Szota បានប្រាប់សារព័ត៌មានចុះផ្សាយប្រចាំថ្ងៃ Rzeczpospolita ថា៖ «បច្ចុប្បន្ននេះ ដោយគិតគូរពីការគំរាមកំហែងទាំងស្រុង ពីវិមានក្រឹមឡាំង យើងត្រូវតែរៀបចំផ្នត់គំនិតរបស់យើងឱ្យសមស្រប ហើយនៅក្នុងប្រតិបត្តិការពីមួយថ្ងៃទៅមួយថ្ងៃរបស់យើង ត្រូវធ្វើសកម្មភាពឲ្យដូចជម្លោះប្រដាប់អាវុធជាមួយរុស្ស៊ី គឺជាអ្វីដែលនឹងកើតឡើងក្នុងរយៈពេលខ្លីខាងមុខ»។
លោកបានព្រមានថា កម្រិតនៃការឈ្លានពានរបស់រុស្ស៊ី គឺ «ខ្ពស់ណាស់» ហើយហានិភ័យនៃការប្រឈមមុខដាក់គ្នាខាងយោធា គឺ «ពិតប្រាកដ»។ លោក Szota បានកត់សម្គាល់បន្ថែមទៀតថា រុស្ស៊ីអាចបន្តសង្គ្រាមជាមួយអ៊ុយក្រែនរយៈពេលជាច្រើនឆ្នាំទៀត ដោយបន្ថែមថា ប្រធានាធិបតី លោក Vladimir Putin «នឹងមិនបោះបង់ចោលសង្គ្រាមនេះទេ ពីព្រោះជាពិសេសនៅក្នុងស្រុក លោកត្រូវតែបង្ហាញខ្លួនលោកថា ជាអ្នកទទួលបានជ័យជម្នះ»។
លោកបានបន្ថែមថា៖ «យើងសន្មតថា ការបង្កហេតុរបស់រុស្ស៊ី ដែលសាកល្បងការឆ្លើយតបរបស់អង្គការ (NATO) ជាឧទាហរណ៍ដែលយើងកំពុងសង្កេតឃើញរួចហើយ នៅប្រទេសប៉ូឡូញ ពិតជានឹងបន្ត។ រុស្ស៊ីកំពុងសង្កេតមើលប្រតិកម្មរបស់យើង»៕