ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់ក្រុមហ៊ុនប្រេងខ្នាតយក្សអារ៉ាប៊ីសាអ៊ូឌីត Aramco បានធ្លាក់កាលពីថ្ងៃអាទិត្យ នៅតំបន់ឆ្នេរភាគខាងកើតប្រទេស ដោយបានសម្លាប់មនុស្ស ១៤នាក់ ។
កម្មវិធីតាមដានជើងហោះហើរ ឃើញឧទ្ធម្ភាគចក្រមួយគ្រឿងនេះ បត់យ៉ាងលឿន មុនពេលបាត់ សញ្ញាទាក់ទងរបស់វា ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា មូលហេតុបណ្តាលឲ្យកើតមានឧបទ្ទេវហេតុធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ពុំត្រូវបានដឹងភ្លាមៗនោះទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង ។
កាលពីថ្ងៃសុក្រកន្លងទៅ ក្រុមហ៊ុន Aramco ចាប់ផ្តើមផ្ទុកប្រេងឡើងវិញនៅចំណត Ras Tanura ស្ថិតក្នុងតំបន់ឈូងសមុទ្រ ក្រោយអាក់ខានអស់រយៈពេល ៤ខែ ដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។
អារ៉ាប៊ីសាអ៊ូឌីតដែលជាប្រទេសនាំចេញប្រេងធំបំផុតរបស់ពិភពលោក បានប្រញាប់ប្រញាល់បញ្ចេញទំនិញរបស់ខ្លួន ស្របពេលមានក្តីសង្ឃឹមលើកិច្ចព្រមព្រៀងសន្តិភាពប្រកបដោយនិរន្តរភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ៕