ក្រសួងការពារជាតិកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទមេបញ្ជាការវេជ្ជសាស្រ្តយោធាអាស៊ានលើកទី១៣ រយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ខណៈសន្និសីទនេះ គឺជាការពង្រឹងការត្រៀមខ្លួន និងភាពធន់រឹងមាំរបស់វិស័យវេជ្ជសាស្រ្តយោធាអាស៊ាន ក្នុងការប្រឈម នឹងការគំរាមកំហែង សារធាតុគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែ(CBRN)ជាដើម។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទមេបញ្ជាការវេជ្ជសាស្ត្រយោធាអាស៊ានលើកទី១៣ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ខេត្តសៀមរាប ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លកអគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា សន្និសីទខាងលើនេះគឺបាន បង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាន និងដៃគូអន្តរជាតិ ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធវេជ្ជសាស្រ្តយោធា ការត្រៀមខ្លួនបង្ការឆ្លើយតបបន្ទាន់ និងគ្រប់គ្រងវិបត្តិ ដែលអាចកើតមានឡើងពីការប្រើប្រាស់អាវុធគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែ ខណៈបញ្ហាអាវុធប្រ ភេទនេះមិនត្រឹមតែប៉ះពាល់ដល់វិស័យសន្តិសុខប៉ុណ្ណោះទេ វាថែមបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខ ភាពសាធារណៈ ស្ថិរភាពសង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។
ទាក់ទងនឹងបញ្ហានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានលើកឡើងផងដែរថា កម្ពុជា សូមប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមា ជិកអាស៊ាន និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់សមត្ថភាពវេជ្ជសាស្រ្តយោធា ការឆ្លើយតបគ្រោះ អាសន្ន និងការពារសន្តិសុខសុខាភិបាលនៅក្នុងតំបន់ជានិច្ច។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិកម្ពុជា ក៏មានជំនឿយ៉ាងមុតមាំថាលទ្ធផល និងអនុសាសន៍ដែលទទួលបានពីសន្និសីទនេះ នឹងក្លាយជា មូលដ្ឋានដ៏សំខាន់សម្រាប់ការអនុវត្តសកម្មភាពជាក់ស្តែង និងាការពង្រឹងបណ្តាញកិច្ចសហប្រតិបត្តិការ វេជ្ជសាស្រ្តយោធាអាស៊ានឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពថែមទៀតនាពេលអនាគតផងដែរ។
សូមបញ្ជាក់ថាសន្នីសីទខាងលើនេះ មានការអញ្ជើញចូលរួមពីប្រតិភូពីបណ្តាប្រទេសអាស៊ាន ដោយអវត្តមានប្រទេសថៃ និងប្រទេសទីម៉រខាងកើត) រួមជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ តំណាងអង្គភាពពាក់ព័ន្ធ។ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ក៏បានប្រគល់ទង់តំណាងសន្និសីទមេបញ្ជាការវេជ្ជសាស្រ្តយោធាអាស៊ាន ជូនប្រធានប្រតិភូប្រទេសឡាវ ដើម្បីធ្វើ ជាម្ចាស់ផ្ទះរៀបចំកម្មវិធីសន្និសីទលើកទី១៤បន្តនាឆ្នាំក្រោយផងដែរ៕ អត្ថបទបាន ចក់









