ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ២៩មិថុនា ថា អ៊ីរ៉ង់បានស្នើសុំឲ្យមានជំនួបនៅទីក្រុងដូហានៅថ្ងៃអង្គារ៣០មិថុនានេះ ទោះបីជាទីក្រុងតេអេរ៉ង់បដិសេធការចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោនក៏ដោយ។ លោក Trump បាននិយាយថា ការចរចានឹងកើតឡើងនៅប្រទេសកាតា ខណៈសេតវិមាននិយាយថា បេសកជនអាមេរិក លោក Steve Witkoff និងទីប្រឹក្សាលោក Jared Kushner នឹងធ្វើដំណើរទៅទីនោះសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់។

ក្រុមចរចាអ៊ីរ៉ង់ និងអាមេរិក គ្រោងនឹងទៅទីក្រុងដូហានៅសប្តាហ៍នេះ ប៉ុន្តែអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទថា គ្មានកិច្ចប្រជុំណាមួយត្រូវបានកំណត់ពេលទេ ខណៈការបាញ់មីស៊ីលកាលពីចុងសប្តាហ៍ពីភាគីទាំងពីរ បានសាកល្បងបទឈប់បាញ់បណ្តោះអាសន្ន ដើម្បីបញ្ចប់សង្គ្រាមរយៈពេលបួនខែនៅមជ្ឈិមបូព៌ា។

ការប្រកាសនេះបានកើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានធ្វើកិច្ចពិភាក្សាលើកដំបូងជាមួយប្រទេសអូម៉ង់ ស្តីពីការគ្រប់គ្រងច្រកសមុទ្រ Hormuz ចាប់តាំងពីកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខា ហើយខណៈទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានយល់ព្រមបញ្ឈប់ការវាយប្រហាររបស់ពួកគេ ដែលបានធ្វើឱ្យកិច្ចព្រមព្រៀងនេះតានតឹង។លោក Trump បានបង្ហោះលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកកាលពីថ្ងៃចន្ទ ថា អ៊ីរ៉ង់បានស្នើឲ្យមានជំនួបមួយ ហើយការជួបគ្នានោះនឹងកើតឡើងនៅថ្ងៃអង្គារនេះនៅទីក្រុងដូហា ដោយពុំបានបញ្ជាក់អ្នកចូលរួមទេ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ក្រោយមកបានប្រាប់ទូរទស្សន៍ Fox News ថា បេសកជនអាមេរិក លោក Steve Witkoff និងទីប្រឹក្សា និងកូនប្រសាររបស់លោក Trump គឺលោក Jared Kushner នឹងហោះហើរទៅកាន់ទីក្រុងដូហាសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់នៅសប្តាហ៍នេះ។អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei កាលពីថ្ងៃចន្ទ និយាយថា គណៈប្រតិភូអ្នកជំនាញរបស់ប្រទេសលោកនឹងធ្វើដំណើរទៅកាន់ទីក្រុងដូហានៅសប្តាហ៍នេះ ប៉ុន្តែបដិសេធយ៉ាងដាច់អហង្ការចំពោះការជួបជាមួយអាមេរិក។លោកថាពួកលោកពុំទាន់ចូលដល់ដំណាក់កាលនៃការចរចាកិច្ចព្រមព្រៀងចុងក្រោយនៅឡើយទេ ដោយកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ពួកលោកនឹងមិនមានកិច្ចប្រជុំចរចាណាមួយជាមួយភាគីអាមេរិកនៅកម្រិតណាមួយឡើយ៕

