ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការធ្លាក់ត្រឹមវគ្គចែកពូលរបស់ក្រុមបាល់ទាត់ជម្រើសជាតិក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ដោយចោទប្រកាន់ថា ការតែងតាំងបុគ្គលិកដោយលម្អៀង និងខ្វះតម្លាភាព គឺជាមូលហេតុសំខាន់ដែលនាំឱ្យក្រុមបរាជ័យ។

នៅក្នុងសារដែលបានបង្ហោះលើបណ្ដាញសង្គម X ថ្មីៗនេះ លោក Lee បានលើកឡើងថា៖ «ខ្ញុំមិនត្រឹមតែភ្ញាក់ផ្អើលចំពោះលទ្ធផលដែលមិននឹកស្មានដល់នេះប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំមានការងឿងឆ្ងល់យ៉ាងខ្លាំង»។
ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដែលត្រូវបានគេចាត់ទុកថាមានឱកាសខ្ពស់ក្នុងការឆ្លងផុតវគ្គចែកពូល បែរជាបរាជ័យជាបន្តបន្ទាប់ក្រោមស្នាដៃក្រុមម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង។ លទ្ធផលនេះធ្វើឱ្យកូរ៉េខាងត្បូងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៃពូល A និងមិនអាចស្ថិតក្នុងចំណោមក្រុមលេខ៣ល្អបំផុតទាំង៨ ដើម្បីឡើងទៅកាន់វគ្គ៣២ក្រុមចុងក្រោយបានឡើយ។
ជាមួយគ្នានេះ លោក Lee ក៏បានទាមទារឱ្យក្រសួងកីឡារបស់ប្រទេស បើកការស៊ើបអង្កេតលើការដឹកនាំ និងការអនុវត្តការងាររបស់ក្រុមជម្រើសជាតិផងដែរ។

បន្ទាប់ពីការរិះគន់កាន់តែកើនឡើង លោក Hong Myung-bo បានប្រកាសលាលែងពីតំណែងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបុរសកូរ៉េក្នុងថ្ងៃជាមួយគ្នា។
គួរបញ្ជាក់ថា ការវិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិរបស់លោក Hong Myung-bo កាលពីឆ្នាំ២០២៤ បានបង្កឱ្យមានការចោទប្រកាន់ពីសំណាក់សារព័ត៌មានកូរ៉េថា មានការរើសអើង និងខ្វះតម្លាភាពក្នុងដំណើរការជ្រើសរើសគ្រូបង្វឹក។ ទោះជាយ៉ាងណា លោក Hong បានបដិសេធរាល់ការចោទប្រកាន់ទាំងនោះ៕ អត្ថបទ៖នាង សុភាវុធ

