ឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ “អនុសញ្ញាស្តីពីសិទ្ធិជនពិការ” ជូនក្រុមការងារសកម្មភាពជនពិការប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, នាទីស្តីការក្រសួងព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ។

លោក កង សំអឿន អនុប្រធាននាយកដ្ឋានសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារសកម្មភាពជនពិការប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា សាលានៅថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណង ជំរុញផ្សព្វផ្សាយខ្លឹមសារនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការឆ្នាំ២០០៨ ដែលព្រះរាជាណាចក្រកម្ពុជាផ្តល់សច្ចាប័នក្នុងឆ្នាំ២០១២ ជូនដល់សមាជិក-សមាជិកានៃក្រុមការងារសកម្មភាពជនពិការក្រសួងបានយល់ដឹងនិងចូលរួម គោរពព្រមទាំងលើកកម្ពស់សិទ្ធិជនពិការ។ អំពីស្ថានភាពមន្ត្រីរាជការ កំពុងបម្រើការក្នុងអង្គភាពថ្នាក់កណ្តាល និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្ត ព្រមទាំងអង្គភាពចំណុះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដទៃទៀតក្នុងពេលនេះគឺសរុបចំនួន២៤១៦នាក់ (ស្រី៨៧៦នាក់) ក្នុងនោះមន្ត្រីមានពិការភាពសរុបចំនួន១៣៦នាក់ ស្រី៣៨នាក់ ដែលស្មើនឹង៥.៦៣% នៃមន្ត្រីរាជការសរុបនៃក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលមានតួនាទីឬឋានៈស្មើ ចាប់ពីមន្ត្រីរហូតដល់អគ្គនាយក នេះគឺបានឆ្លុះបញ្ចាំងពីលទ្ធផលខ្ពស់លើសផែនការនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព អនុលោមតាមអនុក្រឹត្យលេខ១០៨ អនក្រ .បក ស្តីពីការកំណត់អត្រានិងបែបបទនៃការជ្រើសជនពិការចូលបម្រើការងារ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ធៀង វណ្ណដារ៉ុង បានថ្លែងថា វិស័យពិការភាព ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថាជាវិស័យមួយដ៏សំខាន់ និងជាកាតព្វកិច្ច ចម្បងរបស់យើងទាំងអស់គ្នាដែលត្រូវគិតគូរ ហេតុដូចនេះរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានធ្វើ បច្ចុប្បន្នកម្មកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ រួមទាំងការងារពិការភាពផងដែរ ឱ្យស្របតាមបរិបទរីកចម្រើនសកលលោកធ្វើយ៉ាងណាឱ្យសិទ្ធិជនមានពិការភាពក្លាយជាការពិត ដែលបានរំលេចគោលនយោបាយជា អាទិភាព ទិសដៅយុទ្ធសាស្ត្រនិងយុទ្ធសាស្ត្រសំខាន់ៗ សំដៅឆ្លើយតបនឹងតម្រូវការនិងបញ្ហាប្រឈមក្នុងគោលដៅលើកកម្ពស់សមត្ថភាពក្រសួង ស្ថាប័ន ពង្រឹងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសង្គម គាំទ្រ និងជំរុញ លើកទឹកចិត្តការច្នៃប្រតិដ្ឋ ផលិតផល សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនប្រភពចំណូលរបស់ខ្លួន ស្របតាមទិសដៅរួមគឺការចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋរួមទាំងជនមានពិការភាព សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដែលស្របគ្នាទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទ រដ្ឋា






