ទីក្រុង Tijuana ប្រទេសម៉ិកស៊ិក បានពោរពេញទៅដោយបរិយាកាសកក់ក្តៅ ខណៈអ្នកគាំទ្របាល់ទាត់ជាច្រើនបានមកជូនដំណើរក្រុមជម្រើសជាតិអ៊ីរ៉ង់ មុនពេលក្រុមចាកចេញពីទីក្រុង បន្ទាប់ពីបញ្ចប់ដំណើរប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដោយមិនអាចឆ្លងផុតវគ្គចែកពូល។
កីឡាករ និងក្រុមការងារគ្រូបង្វឹកអ៊ីរ៉ង់ បានចេញមកស្វាគមន៍អ្នកគាំទ្រ ចុះហត្ថលេខាលើអាវ និងវត្ថុអនុស្សាវរីយ៍ ព្រមទាំងថតរូបជាមួយអ្នកគាំទ្រ នៅក្បែររថយន្តក្រុងរបស់ក្រុម មុនពេលធ្វើដំណើរចេញ។
អ្នកគាំទ្រម៉ិកស៊ិកជាច្រើនបានបង្ហាញការកោតសរសើរចំពោះអាកប្បកិរិយា និងភាពរួសរាយរាក់ទាក់របស់ក្រុមអ៊ីរ៉ង់អំឡុងពេលស្នាក់នៅទីក្រុង Tijuana។
លោក Amir Ghalenoei គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ង់ បានថ្លែងអំណរគុណដល់ប្រទេសម៉ិកស៊ិក និងប្រជាជនរបស់ខ្លួនចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ដោយលោកបានលើកឡើងថា ចំណងមិត្តភាពរវាងអ៊ីរ៉ង់ និងម៉ិកស៊ិក ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ។
ទោះបីជាក្រុមអ៊ីរ៉ង់មិនអាចឡើងទៅកាន់វគ្គបន្ទាប់បានក៏ដោយ លោក Ghalenoei បានបញ្ជាក់ថា ក្រុមរបស់លោកចាកចេញដោយមោទនភាព និងកិត្តិយស៕អត្ថបទ៖នាង សុភាវុធ







