កម្មវិធីស្បៀងអាហារពិភពលោក (WFP) កំពុងអំពាវនាវរកជំនួយចំនួន ៥០ លានដុល្លារ ដើម្បីផ្តល់ជំនួយស្បៀងអាហារបន្ទាន់ដល់មនុស្សរហូតដល់៥សែននាក់ក្នុងរយៈពេលបីខែខាងមុខ បន្ទាប់ពីការព្រមានរបស់អង្គការសហប្រជាជាតិថា អ្នករស់រានមានជីវិតពីការរញ្ជួយដីពីរលើកកាលពីសប្តាហ៍មុននៅប្រទេសវ៉េណេស៊ុយអេឡា ប្រឈមនឹងហានិភ័យកាន់តែខ្លាំងឡើងពីភាពអត់ឃ្លាន និងជំងឺ។

លោកស្រី Stephanie Hochstetter នាយិកាប្រចាំប្រទេសវ៉េណេស៊ុយអេឡារបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយថា «ថវិកាដែលយើងមានបច្ចុប្បន្ន ពិតជាមិនអាចគ្របដណ្តប់លើគ្រោះមហន្តរាយទាំងមូលបានទេ»។ លោកស្រី Hochstetter បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានតាមរយៈអ៊ីនធឺណិតពីរដ្ឋ La Guaria ប្រទេសវ៉េណេស៊ុយអេឡា ដែលលោកស្រីហៅថា «ជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតក្រោយការរញ្ជួយដីជាប់ៗគ្នាដែលបានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡាកាលពីថ្ងៃពុធ សប្តាហ៍មុន»។ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានចែកស្បៀងអាហារសម្រាប់រយៈពេលមួយខែ រួមមានគ្រាប់ធញ្ញជាតិ សណ្តែក បន្លែ និងប្រេងបន្លែដល់ប្រជាជនចំនួន ១.២០០នាក់នៅរដ្ឋ La Guaira ហើយក៏បានបង្កើតមជ្ឈមណ្ឌលផ្តល់ស្បៀងបណ្តោះអាសន្ននៅក្នុងរដ្ឋនេះផងដែរ។

លោក Jorge Rodriguez ប្រធានសភាវ៉េណេស៊ុយអេឡា បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីពីរលើកកាលពីសប្តាហ៍មុននៅក្នុងប្រទេសវ៉េណេស៊ុយអេឡាបានកើនឡើងដល់ ១.៩៤៣ នាក់ គិតត្រឹមថ្ងៃអង្គារ ទី ៣០ ខែមិថុនា។ លោក Rodriguez បាននិយាយថា ចំនួនអ្នករងរបួសបានកើនឡើងដល់ ១០.៥៧១នាក់ ហើយមនុស្ស ១៥.៨៦៦នាក់គ្មានលំនៅឋាន ខណៈរាប់ពាន់នាក់នៅបាត់ខ្លួន ដោយសារតែគ្រោះមហន្តរាយនេះ។