កំពត៖ ខ្យល់កន្ត្រាក់មួយបានកើតឡើងបណ្តាលឱ្យខូចខាតផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ៤១ខ្នង ព្រមទាំងបណ្តាលឱ្យសិស្សសាលាចំនួន ៦នាក់សន្លប់ និងពលរដ្ឋម្នាក់បានរងរបួស ។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅក្នុងឃុំបួន នៃស្រុកបន្ទាយមាស ខេត្តកំពត ។
ក្រោយពីហេតុការណ៍ អាជ្ញាធរស្រុកបន្ទាយមាស ក៏បានចុះទៅពិនិត្យជាក់ស្តែងលើការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងឃុំទាំង៤ខាងលើ។
យោងតាមរបាយការណ៍របស់អាជ្ញាធរស្រុកបន្ទាយមាស បានឱ្យដឹងថា ឃុំចំនួន៤ ដែលទទួលរងការខូចខាតដោយសារខ្យល់កន្ត្រាក់នេះមាន៖ ឃុំស្ដេចគង់ខាងជើង ខូចខាតផ្ទះចំនួន ៣៤ខ្នង ខូចខាតទាំងស្រុងចំនួន ០៣ខ្នង ខូចខាតមធ្យម ៣១ខ្នង ក្នុងនោះខ្យល់កន្ត្រាក់បានធ្វើឱ្យប៉ើងដំបូលសាលារៀន ព្រមទាំងបណ្ដាលអោយត្រូវសិស្សសាលាអនុវិទ្យាលយ័ជ្រុងស្រឡៅ ភ័យសន្លប់ចំនួន ០៦នាក់ នឹងបណ្តាលឱ្យរងរបួសប្រជាពលរដ្ឋម្នាក់ផងដែរ។
ចំណែកនៅឃុំស្ដេចគង់ខាងលិច ខូចខាតផ្ទះចំនួន ០៥ខ្នងផ្ទះ(ខូចមធ្យម), ឃុំទូកមាសខាងលិច ខូចខាតផ្ទះចំនួន ០១ខ្នង និងរន្ទះបាញ់សត្វគោបណ្តាលឱ្យងាប់ចំនួន ០២ក្បាល, ឃុំព្រៃទន្លេ ខូចខាតផ្ទះចំនួន ០១ខ្នង(ខូចខាតមធ្យម) សរុបការខូចខាតផ្ទះទាំង៤ឃុំ មានចំនួន ៤១ខ្នង៕






