អ្នកឃ្លាំមើលជម្លោះម្នាក់ បាននិយាយនៅថ្ងៃពុធនេះថា មនុស្សជាង ១០០,០០០នាក់ ត្រូវបានសម្លាប់ នៅគ្រប់ទិសទី ក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាកាលពី ៥ឆ្នាំមុន បានបង្កឲ្យមាន សង្គ្រាមស៊ីវិល។
ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ ២០២១ មក មាន «អ្នកស្លាប់ទាក់ទងនឹងជម្លោះ» ចំនួន ១០០.១១៤ នាក់។ នេះបើយោងតាមលោក Sun Mon Thant អ្នកវិភាគជាន់ខ្ពស់មកពីគម្រោងទីតាងជម្លោះប្រដាប់អាវុធនិងទិន្នន័យព្រឹត្តិការណ៍ (ACLED) ដែលបានសរុបរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីអំពើហិង្សា។
ពុំមានតួលេខផ្លូវការទេ ហើយការប៉ាន់ស្មានមានភាពខុសគ្នាយ៉ាងខ្លាំង ប៉ុន្តែអ្នកវិភាគរូបនេះ ចាត់ទុក សង្គ្រាមស៊ីវិលកន្លះទសវត្សរ៍នេះថា ជាជម្លោះសកម្មដ៏សាហាវបំផុតនៅអាស៊ី។
យោធាបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ដោយចាប់ខ្លួនម្ចាស់រង្វាន់ណូបែលសន្តិភាពរូបនេះ និងបញ្ចប់ការពិសោធរយៈពេលមួយទសវត្សរ៍របស់ប្រទេស មីយ៉ាន់ម៉ាជាមួយនឹងលទ្ធិប្រជាធិបតេយ្យ។
កងកម្លាំងសន្តិសុខបានបង្ក្រាបការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ ប៉ុន្តែសកម្មជនបានចាកចេញពីទីក្រុងនានាដើម្បីបង្កើតក្រុមឧទ្ទាមគាំទ្រលទ្ធិប្រជាធិបតេយ្យ ដោយប្រយុទ្ធជាមួយកងទ័ពជនជាតិភាគតិច ដែលបានប្រឆាំងនឹងការគ្រប់គ្រងកណ្តាលជាយូរមកហើយ៕

