បាល់ទាត់៖ ក្រុមបាល់ទាត់ជប៉ុន Yokohama F.Marinos បានយកឈ្នះក្រុមវៀតណាម Hoang Anh Gia Lai ២-០ នៅកីឡដ្ឋាន Thong Nhat ទីក្រុងហូជីមិញប្រទេសវៀតណាម ដើម្បីបន្តនាំមុខគេក្នុងពូល H នៃក្របខណ្ឌ AFC Champions League។

ពីរគ្រាប់របស់ Yokohama រកបានដោយគ្រាប់បាល់ ១១ម៉ែត្ររបស់ Marcos Junior និងបាល់តែតបញ្ចូលទីរបស់ Shinosuke Hatanaka ដែលធ្វើឱ្យក្រុមមកពីក្របខណ្ឌ J-League មួយនេះបន្តឈរលើគេក្នុងពូលមានក្រោយលេង ៥ប្រកួតមាន ១២ពិន្ទុ។ ចំណែកឯក្រុមរបស់លោក Kiatisuk Senamuang, HAGL ដែលធ្លាក់ទៅហើយនោះនៅឈរលេខ ៣ ក្នុងពូលមានតែ ២ពិន្ទុប៉ុណ្ណោះពីការប្រកួត ៥លើក។
មួយគូទៀតនៅក្នុងពូលនេះដែរ Jeonbuk FC បានយកឈ្នះក្រុមអូស្ត្រាលី Sydney FC ៣-២ ដែលមានន័យថា ក្រុមកូរ៉េមួយនេះមិនទាន់ចាញ់ឡើយក្រោយលេងបាន ៥ប្រកួតឈ្នះ ៣ ស្មើ ២ ឈរលេខ ២ ក្នុងពូលមាន ១១ពិន្ទុ។ សំរាប់ Sydney FC ហាលអាវហើយដោយឈរក្រោមគេមាន ២ពិន្ទុ។ ប្រកួតចុងក្រោយក្នុងពូលនេះ Yokohama F.Marinos នឹងត្រូវជួបជាមួយ Jeonbuk FC ដណ្តើមតំណែងលេខ ១ ក្នុងពូល ខណៈក្រុមធ្លាក់ទាំងពីរ Sydney FC និង Hoang Anh Gia Lai ជួបគ្នារកជ័យជំនះដំបូងរៀងខ្លួន៕
អត្ថបទ៖នាង សុភាវុធ