កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី៦ បើកទទួលពាក្យជាផ្លូវការ ស្វែងរកម្ចាស់ជ័យលាភីធុរកិច្ចថ្មី ដែលនឹងទទួលបានប្រាក់ទុន វិនិយោគ ដោយមិនយកភាគហ៊ុនសរុប ៨០ លានរៀល ដើម្បីផ្តល់ឱកាសដល់ក្រុមធុរកិច្ចថ្មី ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈម ក្នុងទីផ្សារ តាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) សហការរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហគ្រិនខ្មែរ រៀបចំកម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី៦ ដោយកំពុងស្វែងរកធុរកិច្ច ថ្មី ក្រុមហ៊ុនបច្ចេកវិទ្យា និងនវានុវត្តជនដែលមានសមត្ថភាពបង្កើតដំណោះស្រាយ ប្រកបដោយនវានុវត្តន៍ ដើម្បីបំពេញចន្លោះខ្វះខាត និងអភិវឌ្ឍផលិតផល ឬសេវាកម្មរបស់ខ្លួន ឱ្យមានសក្តានុពលក្នុងការរុញចូលទីផ្សារ នេះគឺជាកម្មវិធីពន្លឿនអាជីវកម្មដ៏ធំប្រចាំឆ្នាំ។
សម្រាប់រដូវកាលថ្មីនេះ កម្មវិធីមានចំណោទបញ្ហាទីផ្សារសំខាន់ៗចំនួន៤រួមមាន៖ (១)- ដំណោះស្រាយឌីជីថលសម្រាប់ការ ភ្ជាប់ទីផ្សារ និងខ្សែច្រវាក់តម្លៃកសិកម្ម, (២)- ឧបករណ៍បច្ចេកវិទ្យាក្នុងការធ្វើទីផ្សារ និងជំរុញការលូតលាស់អាជីវកម្ម, (៣) ដំណោះ ស្រាយហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម និង(៤)-ដំណោះស្រាយឌីជីថលឬឧបករណ៍បច្ចេកវិទ្យា សម្រាប់ អាជីវកម្មទេសចរណ៍។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងធំៗរួមមាន៖ ផ្តល់ឱកាសដល់ក្រុមធុរកិច្ចថ្មី ក្នុងការចូល រួមដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារជាក់ស្តែង តាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍, ផ្តល់ ចំណេះដឹង និងជំនាញសំខាន់ៗដល់ក្រុមធុរកិច្ចថ្មី ដើម្បីអភិវឌ្ឍផលិតផល ឬសេវាកម្មប្រកបដោយសក្តានុពល និងត្រៀមលក្ខណៈ គ្រប់គ្រាន់សម្រាប់ការចូលទៅកាន់ទីផ្សារ, និងផ្សារភ្ជាប់ជាមួយនឹងបណ្តាញតួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីផងដែរ។
កញ្ញា សួន សុកាវណ្ណី អ្នកដឹកនាំកម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី៦ លើកឡើងឱ្យដឹងថា កម្មវិធីនេះមិនត្រឹមតែជា កម្មវិធីពន្លឿនអាជីវកម្មធម្មតានោះទេ ប៉ុន្តែវាជាស្ពានយុទ្ធសាស្ត្រដែលតភ្ជាប់រវាងបញ្ហាប្រឈមពិតប្រាកដក្នុងទីផ្សារ ទៅនឹងដំណោះ ស្រាយបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍។ ឆ្លងកាត់បទពិសោធន៍ ៥ រដូវកាលកន្លងមក ក្រុមការងារបានរចនាម៉ូដែលគាំទ្រឱ្យកាន់តែ មានភាពស៊ីជម្រៅ ដោយផ្តោតលើការណែនាំពីអ្នកជំនាញនិងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលសំខាន់ៗ។ រដូវកាលទី៦នេះ នឹង ក្លាយជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការជួយធុរកិច្ចថ្មីកម្ពុជា ឱ្យបំប្លែងចំណោទបញ្ហាទៅជាឱកាសអាជីវកម្ម ប្រកបដោយចីរភាព និង សមត្ថភាពប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារជាក់ស្តែង។
លោក សន ប៊ុនឡុង គណៈប្រធាននាយកវិនិយោគ និងជាសហស្ថាបនិកក្រុមហ៊ុន We Gro Up Co., Ltd (WeMoney Mobile) និងជាជ័យលាភីឯកកម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី៥ ក៏បានចែករំលែកថា ការចូលរួមក្នុងកម្មវិធីបានជួយឱ្យយើង កែលម្អយុទ្ធសាស្ត្រអាជីវកម្ម ស្វែងយល់កាន់តែស៊ីជម្រៅពីតម្រូវការអតិថិជន និងពង្រឹងផលិតផលឱ្យកាន់តែសមស្របនឹងទីផ្សារ។ ការ តម្រង់ទិសពីអ្នកជំនាញ និងឱកាសក្នុងការកសាងបណ្តាញទំនាក់ទំនង បានរួមចំណែកយ៉ាងសំខាន់ក្នុងការពន្លឿនការរីក ចម្រើន របស់ក្រុមហ៊ុនយើង។ គួរបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមក្នុងឆ្នាំ២០២១ កម្មវិធី «នវានុវត្តន៍បញ្ច្រាស» បានគាំទ្រធុរកិច្ចថ្មី សរុប ចំនួន៤១ក្រុម ដែលក្នុងនោះ២៣ក្រុម នៅតែបន្តប្រតិបត្តិការយ៉ាងសកម្មរហូតមកដល់បច្ចុប្បន្ន និងបានផ្តល់ទុនវិនិយោគដោយ មិនយកភាគហ៊ុនសរុបប្រមាណ ៦៨៣ លានរៀល ដើម្បីគាំទ្រការអភិវឌ្ឍដំណោះស្រាយប្រកបដោយនវានុវត្តន៍នៅកម្ពុជា៕
អត្ថបទ៖ សុន រ៉ាឌី


