ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) នេះថា ទីក្រុងគីវបានវាយប្រហាររោងចក្រចម្រាញ់ប្រេងមួយ ក្នុងតំបន់ Bashkortostan របស់រុស្ស៊ី និងរោងចក្រឧស្សាហកម្មការពារជាតិមួយ នៅតំបន់ Penza។

តាមរយៈសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារ Telegram លោក Zelenskyy បានបញ្ជាក់ថា រោងចក្រចម្រាញ់ប្រេង Ufa ជាក្រុមហ៊ុនផលិតប្រេងរំអិលធំជាងគេមួយរបស់រុស្ស៊ី ដែលមានទីតាំងចម្ងាយជាង ១,៣០០គីឡូម៉ែត្រ ពីសមរភូមិជួរមុខ ត្រូវបានវាយប្រហារ អំឡុងការវាយប្រហារពេញមួយយប់។
លោកក៏បានឱ្យដឹងផងដែរថា អ៊ុយក្រែនបានវាយប្រហាររោងចក្រឧស្សាហកម្មយោធាមួយដែលពាក់ព័ន្ធនឹងការផលិតគ្រឿងបន្លាស់មីស៊ីល នៅក្នុងតំបន់ Penza របស់រុស្ស៊ី។
ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន ដោយដកស្រង់ប្រភពនៅក្នុងទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន បានរាយការណ៍ថា ទីភ្នាក់ងារនេះបានវាយប្រហារមូលដ្ឋានទ័ពអាកាស Saky នៅតំបន់គ្រីមៀ ដែលជាអាកាសយានដ្ឋានយោធាសំខាន់មួយរបស់រុស្ស៊ី នៅឧបទ្វីបនេះ។
អភិបាលតំបន់ Penza របស់រុស្ស៊ី បានឱ្យដឹងនៅលើវេទិកាបណ្ដាញសង្គមរុស្ស៊ី Max ថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យានដ្រូន ១គ្រឿងដែលហោះលើតំបន់នេះ។
មិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីរុស្ស៊ីនៅឡើយទេ ជុំវិញការអះអាងរបស់អ៊ុយក្រែន ទាក់ទងនឹងរោងចក្រចម្រាញ់ប្រេង Ufa ឬមូលដ្ឋានទ័ពអាកាស Saky នៅតំបន់គ្រីមៀ៕

