មនុស្សជាច្រើននាក់ បានបាត់បង់ជីវិត ហើយមួយចំនួនទៀតបានរងរបួសធ្ងន់ធ្ងរ ដោយសារអគ្គិភ័យដ៏ធំមួយបានឆាបឆេះនៅក្នុងអគារផ្ទះល្វែងកម្ពស់ ១០ជាន់ នៅទីក្រុង Antwerp របស់ប្រទេសបែលហ្ស៊ិក នាថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) នេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជាតិជាភាសាហូឡង់ VRT។
អគ្គិភ័យនេះ បានកើតមានឡើងបន្តិចមុនម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៨:០០ ម៉ោងសកល) នៅក្នុងអគារលំនៅឋានមួយកន្លែង នៅតំបន់ Linkeroever របស់ទីក្រុងនេះ។ នគរបាលបានបញ្ជាក់ថា មានអ្នកស្លាប់ជាច្រើននាក់ ទោះបីជាចំនួនពិតប្រាកដនៃជនរងគ្រោះ មិនទាន់ត្រូវបានអះអាងនៅឡើយក៏ដោយ ខណៈដែលក្រុមជួយសង្គ្រោះនៅតែបន្តស្វែងរកនៅក្នុងអគារនោះ។
មានមនុស្សជាង ២០០នាក់រស់នៅក្នុងអគារផ្ទះល្វែងនេះ ហើយប្រតិបត្តិការជម្លៀស នៅតែដំណើរការជាច្រើនម៉ោង បន្ទាប់ពីអគ្គិភ័យបានចាប់ផ្តើមឆាបឆេះឡើង។ ក្រុមយានដ្រូនរបស់នាយកដ្ឋានពន្លត់អគ្គិភ័យ Antwerp ត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់កិច្ចប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។
អាជ្ញាធរបានចេញសេចក្តីជូនដំណឹងដោយជំរុញឱ្យអ្នកស្រុកនៅក្នុងតំបន់នោះ បិទទ្វារ និងបង្អួចរបស់ពួកគេ ហើយជៀសវាងកុំទៅជិតកន្លែងដែលមានអគ្គិភ័យនេះ។ មូលហេតុពិតប្រាកដដែលនាំឱ្យមានអគ្គិភ័យនេះមិនទាន់ត្រូវបានកំណត់នៅឡើយទេ៕