ព្រះសីហនុ៖ ឯកឧត្តមប្រធានសមាគមជប៉ុនកម្ពុជា និងគណៈប្រតិភូវិនិយោគជប៉ុន នៅថ្ងៃទី២៨ខែមេសា ម្សិលមិញ បានចូលជួបពិភាក្សាការងារ ស្ដីពីយុទ្ធសាស្ត្រសូត្រមាសកម្ពុជា ជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ស្វែងយល់ពីវឌ្ឍនភាពរបស់ខេត្តព្រះសីហនុ និងឱកាសវិនិយោគ។
ឯកឧត្តម Fumiaki Takahashi លើកឡើងថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿន និងហេដ្ឋារចនាសម្ព័ន្ធល្អស្អាត បរិស្ថានល្អ សាកសម្យជាតំបន់ទេសចរណ៍ និងវិនិយោគ។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគជប៉ុនមកកាន់កម្ពុជា ឯកឧត្តម ប្រធានសមាគមជប៉ុន-កម្ពុជា បានដឹកនាំគណៈប្រតិភូអ្នកវិនិយោគជប៉ុនចំនួន ១០ក្រុមហ៊ុន មកកាន់ខេត្តសៀមរាប និងមកទស្សនកិច្ចនៅខេត្តព្រះសីហនុ។
ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូ ក៏បានចូលជួបពិភាក្សាការងារជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីចំនួន ៦ក្រសួងផ្សេងទៀត នៅរាជធានីភ្នំពេញ។
គណៈប្រតិភូជប៉ុន បានបង្ហាញពីគោលបំណងក្នុងការបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រគ្រឿងសម្អាងនៅខេត្តព្រះសីហនុពីព្រោះខាងជប៉ុនមានបច្ចេកទេស ចំណែកកម្ពុជា មានវត្ថុធាតុដើម (សូត្រមាស) យកមកកែច្នៃធ្វើគ្រឿងសំអាង និងសាប៊ូ ដែលជាផលិតផលកំពុងពេញនិយម។
ជាការឆ្លើយតប ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និយាយថា កម្ពុជាមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និតជាមួយប្រទេសជប៉ុនលើផ្នែកសេដ្ឋកិច្ច និងនយោបាយ។
ឯកឧត្តម បន្តថា រដ្ឋាភិបាលជប៉ុនបានជួយគាំទ្រក្នុងការកសាងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ កន្លងមកអាចឱ្យនាវាដែលមានជំរៅទឹក ៩,៥០ម៉ែត្រ ចូលចតបាន ហើយនៅឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានសមត្ថភាពអាចឱ្យនាវាដែលមានជំរៅទឹក ១៣,៥០ម៉ែត្រ ចូលចតបាន ដែលធ្វើឱ្យខេត្តព្រះសីហនុមានលទ្ធភាពក្រកួតប្រជែងតម្លៃដឹកជញ្ជូនតាមផ្លូវទឹក
តាមរយៈនៃការធ្វើទស្សនកិច្ចនេះ សង្ឃឹមថា គណៈប្រតិភូនឹងជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ទៅកាន់ប្រជាពលរដ្ឋជប៉ុន និងអ្នកវិនិយោគជប៉ុនឱ្យមានការចាប់អារម្មណ៍មកទេសចរណ៍ និងធ្វើការវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើនឡើង៕ អត្ថបទ៖ ខេត្តព្រះសីហនុ