នគរបាលអាហ្វ្រិកខាងត្បូងនិយាយនៅថ្ងៃពុធនេះថា មនុស្សជាង ៩០០នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ អំឡុងបាតុកម្មប្រឆាំងអន្តោប្រវេសន៍នៅទូទាំងប្រទេស ដែលភាគច្រើននៃបាតុកម្មមានសភាពស្ងប់ស្ងាត់ ប៉ុន្តែការតវ៉ាខ្លាំងប្រែក្លាយជាអំពើហិង្សា និងចោរកម្ម នៅតាមទីតាំងមួយចំនួន ។
លោក Tebello Mosikili គឺជាអគ្គស្នងការរងនគរបាលជាតិអាហ្វ្រិកខាងត្បូង និយាយប្រាប់សន្និសីទសារព័ត៌មានថា ការដង្ហែរក្បួនជាង ១២០កន្លែងបានកើតឡើងកាលពីថ្ងៃអង្គារ ក្នុងនោះការដង្ហែរក្បួន ១០៨កន្លែងមានសភាពស្ងប់ស្ងៀម ខណៈបាតុកម្ម ១២កន្លែងផ្សេងទៀតត្រូវការការធ្វើអន្តរាគមន៍របស់កងកម្លំាងអនុវត្តច្បាប់ ដោយសារតែភាពរំជើបរំជួល ។
មនុស្សដែលត្រូវបានចាប់ខ្លួន គឺជាជនអន្តោប្រវេសន៍គ្មានឯកសារ សម្រាប់ការបំពានច្បាប់អន្តោប្រវេសន៍ ខណៈមនុស្សផ្សេងទៀតត្រូវបានចាប់ខ្លួន សម្រាប់អំពើហិង្សាតាមទីសាធារណៈ ការលាក់បាំងជនអន្តោប្រវេសន៍ខុសច្បាប់ និងករណីចោរកម្ម ។
លោក Mosikili និយាយទៀតថា នគរបាលអនុវត្តច្បាប់បានដាក់ពង្រាយទៅកាន់ខេត្តចំនួន ៥នៅអាហ្វ្រិកខាងត្បូងកាលពីយប់កន្លងទៅ ដើម្បីឆ្លើយតបនឹងឧបទ្ទេវហេតុពាក់ព័ន្ធចោរកម្ម និងឧក្រិដ្ឋកម្ម ។
ទាហានត្រូវបានបញ្ជូនទៅកាន់សង្កាត់ Hillbrow ស្ថិតក្នុងទីក្រុង Johannesburg ដើម្បីជួយគាំទ្រក្រុមនគរបាល ។
បាតុកម្មនេះដែរ បានកើតមានឡើង ក្រោយភាពរំជើបរំជួលអស់រយៈពេលជាច្រើនខែបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីក្រៅប្រទេស ស្របពេលដែលជនបរទេស ត្រូវបានអូសចេញពីផ្ទះរបស់ពួកគេ ហើយធុរកិច្ច និងទ្រព្យសម្បត្តិរបស់ពួកគេ រងការបំផ្លិចបំផ្លាញ ៕