នគរបាលន័រវេសបាននិយាយកាលពីថ្ងៃពុធថា បងប្អូនប្រុសបីនាក់ ត្រូវបានចាប់ខ្លួនពីបទសង្ស័យថា បាន «បំផ្ទុះគ្រាប់បែកភេរវកម្ម» ពាក់ព័ន្ធនឹងការផ្ទុះនៅស្ថានទូតអាមេរិក ក្នុងទីក្រុងអូស្លូ កាលពីចុងសប្តាហ៍មុន ដែលបានបណ្តាលឲ្យមានការខូចខាតតិចតួច ប៉ុន្តែពុំមានអ្នករងរបួសទេ។

លោករដ្ឋអាជ្ញា Christian Hatlo បានប្រាប់សន្និសីទសារព័ត៌មានថា បងប្អូនប្រុសទាំងនោះ ដែលជាពលរដ្ឋន័រវែសដើមកំណើតអ៊ីរ៉ាក់ ត្រូវបានចាប់ខ្លួននៅទីក្រុងអូស្លូ ហើយនគរបាលកំពុងស៊ើបអង្កេត មូលហេតុនៃការបំផ្ទុះនោះ។
លោក Hatlo បាននិយាយថា៖«យើងនៅតែកំពុងធ្វើការលើសម្មតិកម្មជាច្រើន។ មួយក្នុងចំណោមសម្មតិកម្មទាំងនោះ គឺថាតើនេះជាបទបញ្ជាពីអង្គភាពរដ្ឋាភិបាលឬអត់»។
លោកបាននិយាយថា៖«នេះគឺជារឿងធម្មតាទេ ដោយសារគោលដៅ គឺស្ថានទូតអាមេរិក និងស្ថានភាពសន្តិសុខដែលពិភពលោក កំពុងជួបប្រទះសព្វថ្ងៃនេះ»។
លោក Hatlo បាននិយាយថា ការស៊ើបអង្កេត នឹងស្វែងរកការបញ្ជាក់ឲ្យច្បាស់អំពីតួនាទី ដែលបងប្អូនប្រុសទាំងអស់នោះ ដែលមានអាយុជាង ២០ឆ្នាំ បានអនុវត្ត៕
