មេដឹកនាំក្រុមស្តាំនិយមជ្រុលរបស់បារាំង លោកស្រី Marine Le Pen ប្រឈមនឹងសេចក្ដីសម្រេចរបស់តុលាការនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ជុំវិញការតវ៉ារបស់លោកស្រី ដើម្បីឲ្យលុបចោលបម្រាមឈរឈ្មោះបោះឆ្នោត ជាសាលក្រមដែលអាចធ្វើឱ្យលោកស្រីមិនអាចចូលរួមការប្រណាំងប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៧ ឬបើកឱកាសឱ្យលោកស្រីស្វែងរកតួនាទីកំពូលនេះជាលើកទី៤។
អ្នកនយោបាយរបស់បារាំង កំពុងរង់ចាំដឹងពីសេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍យ៉ាងអន្ទះសារ ដែលនឹងកំណត់ថា តើលោកស្រី Le Pen វ័យ ៥៧ឆ្នាំ ឬបេក្ខជនដែលលោកស្រីគាំទ្រ គឺលោក Jordan Bardella វ័យ ៣០ឆ្នាំ ជាអ្នកកាន់បដាក្រុមស្តាំនិយមជ្រុលធ្វើយុទ្ធនាការបោះឆ្នោត ដែលមានរយៈពេលមិនដល់ ១ឆ្នាំទៀតទេ ខណៈដែលគណបក្សប្រឆាំងអន្តោប្រវេសន៍ National Rally (RN) របស់ពួកគេ នៅតែទទួលបានការគាំទ្រខ្ពស់ នៅក្នុងការស្ទង់មតិ។
តុលាការបារាំង កាលពីខែមីនា ឆ្នាំ២០២៥ បានសម្រេចហាមឃាត់លោកស្រី Le Pen មិនឱ្យចូលកាន់តំណែងសាធារណៈរយៈពេល ៥ឆ្នាំ និងឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ ពីបទប្រើប្រាស់ប្រាក់ពីសភាអឺរ៉ុបមិនត្រឹមត្រូវ ដោយរង់ចាំការប្តឹងឧទ្ធរណ៍ នៅក្នុងសាលក្រមដ៏រំជើបរំជួលលមួយ ដែលបានលាន់ឮហួសពីប្រទេសបារាំង និងបានទាក់ទាញឲ្យមានការរិះគន់ធ្ងន់ៗពីប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំស្តាំនិយមផ្សេងទៀត។
ដោយសារគណបក្ស RN កាន់តែកៀកនឹងការឈ្នះអំណាច នៅបារាំង ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី២ របស់សហភាពអឺរ៉ុប មេដឹកនាំគណបក្សនេះត្រូវបានបង្ខំឱ្យគិតគូរពីផែនការស្នងតំណែងយ៉ាងលឿនដោយមិននឹកស្មានដល់ និងផលប៉ះពាល់របស់វាទៅលើគោលនយោបាយរបស់គណបក្ស៕

