ប្រភពមួយរបស់អង្គការណាតូ (NATO) បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) ថា នៅក្នុងកិច្ចប្រជុំកំពូលទីក្រុង Ankara ប្រទេសទួរគី នាសប្តាហ៍ក្រោយ អង្គការណាតូ នឹងប្រកាសថា សមាជិកអឺរ៉ុបរបស់ខ្លួន បានបំពេញចន្លោះស្ទើរតែទាំងអស់ដែលសហរដ្ឋអាមេរិកបានបន្សល់ទុក នៅក្នុងផែនការការពារជាតិរបស់សម្ព័ន្ធភាពមួយនេះ។
តែយ៉ាងណាក្ដី ចន្លោះប្រហោងសំខាន់ដែលអង្គការណាតូ នៅតែកំពុងជួបការលំបាក ក្នុងការបំពេញ គឺយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដែលសហរដ្ឋអាមេរិក បានឱ្យដឹងថា ខ្លួននឹងទុកយន្តហោះតែ ១គ្រឿង ជំនួសឱ្យ ២គ្រឿង។ នេះបើយោងតាមប្រភព ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

សហរដ្ឋអាមេរិកបានប្រាប់សម្ព័ន្ធមិត្តរបស់ខ្លួនកាលពីខែឧសភាថា ខ្លួនបានសម្រេចចិត្តបង្រួមសមត្ថភាពយោធាដែលបានប្តេជ្ញាចិត្ត ចំពោះសម្ព័ន្ធមិត្តឆ្លងមហាសមុទ្រអាត្លង់ទិកមួយនេះ អំឡុងវិបត្តិ ដោយបានបង្កឲ្យមានការចោទសួរបន្ទាន់ជាច្រើន ខណៈដែលមេដឹកនាំរៀបចំ សម្រាប់កិច្ចប្រជុំកំពូលណាតូ នៅទីក្រុង Ankara ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដា។
ចំណាត់ការនេះស្មើនឹងការបញ្ចប់បន្តិចម្តងៗនូវ «ការពឹងផ្អែករួមគ្នាប្រកបដោយហានិភ័យ» លើកងកម្លាំងរបស់សហរដ្ឋអាមេរិក ខណៈដែលទីក្រុងវ៉ាស៊ីនតោនប្រឈមនឹងលទ្ធភាពនៃការមានជម្លោះក្នុងពេលដំណាលគ្នា នៅក្នុងសមរភូមិជាច្រើន។ នេះបើយោងតាមមេបញ្ជាការជាន់ខ្ពស់របស់អង្គការណាតូ គឺឧត្តមសេនីយ៍កងទ័ពអាកាសអាមេរិក លោក Alexus Grynkewich។
កាលពីពាក់កណ្តាលខែមិថុនា អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា សម្ព័ន្ធមិត្តផ្សេងទៀត កំពុងបង្កើនការចូលរួមចំណែករបស់ពួកគេ ហើយនឹងបំពេញចន្លោះប្រហោងជាច្រើន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតណាមួយឡើយ៕
