អ្នករស់នៅក្នុងទីក្រុងញូវយ៉ក ប្រឈមសីតុណ្ហភាពហក់ឡើងខ្ពស់ ពេលដែលរលកកម្តៅបំបែកកំណត់ត្រា បានវាយប្រហារតំបន់ភាគខាងកើតសហរដ្ឋអាមេរិក មុនថ្ងៃចុងសប្តាហ៍ ខែកក្កដា ។
អាកាសធាតុក្តៅខ្លាំងនេះ ជំរុញឲ្យក្រុមមន្រ្តីទីក្រុង បើកមជ្ឈមណ្ឌលត្រជាក់ ដាក់ពង្រាយរថយន្តជួយសង្រ្គោះមានទឹក និងឡេការពារកម្តៅថ្ងៃ ពេលដែលតំបន់ជាច្រើននៅក្នុងប្រទេសមួយនេះ ត្រូវបានគេព្យាករថា សីតុណ្ហភាពនឹងកើនឡើងដល់ ៤៦អង្សាសេ ។
កម្មករកណ្តាលវាល ស្ថិតក្នុងចំណោមមនុស្សរងគ្រោះបំផុតដោយសារស្ថានភាពរលកកម្តៅក្តៅខ្លាំងបែបនេះ ។
លោក Leroy Johnson គឺជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនដឹកជញ្ជូន UPS និយាយថា ការទប់ទល់ជាមួយអាកាសធាតុក្តៅខ្លាំងបែបនេះ គឺជារឿងដ៏លំបាកមួយនៅក្នុងរថយន្តដែលគ្មានម៉ាស៊ីនត្រជាក់ ។
លោកថា លោកចេញក្រៅពេញមួយថ្ងៃ ហើយរថយន្តរបស់លោកគ្មានម៉ាស៊ីនត្រជាក់នោះទេ ហេតុដូច្នេះហើយ វាគឺជាការងារដ៏លំបាកមួយ ធ្វើការក្រោមកម្តៅថ្ងៃក្តៅខ្លាំងបែបនេះ ។
ពលរដ្ឋរស់នៅក្នុងទីក្រុងញូវយ៉ក បានព្យាយាមទៅរកកន្លែងជ្រកមានម្លប់ នៅក្នុងសួនកម្សាន្ត ហើយម្ចាស់ធុរកិច្ចក្នុងស្រុកមួយចំនួន បានផ្តល់ជំនួយដល់មនុស្សដែលពិបាកទប់ទល់នឹងសីតុណ្ហភាពខ្ពស់ ៕

