នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមជួយសង្រ្គោះ បានរកឃើញសាកសពមនុស្សម្នាក់ទៀតពីអគារស្នាក់នៅរងការបំផ្លិចបំផ្លាញនៅក្នុងទីក្រុងគីវ ប្រទេសអ៊ុយក្រែន ក្រោយការវាយប្រហារកាលពីយប់កន្លងទៅរបស់រុស្ស៊ី ។
រុស្ស៊ី បានបើកការវាយប្រហារយានដ្រូនរាប់រយគ្រឿង និងមីស៊ីលរាប់សិបគ្រាប់លើរដ្ឋធានីគីវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ។
ការវាយប្រហារនេះ បណ្តាលឲ្យមានការខូចខាតទ្រង់ទ្រាយធំបំផុតនៅទីក្រុងគីវ មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ហើយនិងជាការវាយប្រហារស្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីខែឧសភា ពេលដែលមនុស្ស ២៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយដែលធ្វើឲ្យអគារផ្ទះល្វែងមួយខ្នងរាបដល់ដី ។
លោក Tymur Tkachenko គឺជាប្រធានរដ្ឋបាលយោធាទីក្រុងគីវ និយាយថា ចំនួនមនុស្សស្លាប់ បន្ទាប់ពីការវាយប្រហារយានដ្រូន និងមីស៊ីលរបស់រុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ បានកើនឡើងដល់ ២០នាក់ ។
អភិបាលក្រុងគីវ លោក Vitali Klitschko បានប្រកាសកាន់ទុក្ខក្នុងទីក្រុងរបស់លោកនៅថ្ងៃសុក្រស្អែកនេះ ។
ខណៈពេលនោះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ដែលកាន់បន្ថយដំណើរទស្សនកិច្ចរបស់លោកនៅអៀរឡង់ ដើម្បីប្រញាប់ប្រញាល់មកកាន់ប្រទេសជាតិវិញនោះ និយាយថា ការខូចខាត ត្រូវបានរាយការណ៍ថា កើតមាននៅទីតាំងជាង ២០កន្លែង ទូទាំងរដ្ឋធានីគីវ ៕