លោក Andy Burnham នឹងត្រូវស្វះស្វែងរកថវិកាបន្ថែមចំនួន ៤,៧ ពាន់លានផោន ស្មើរនឹង៦,២ ពាន់លានដុល្លារ ដើម្បីបិទគម្លាតថវិកាការពារជាតិដែលត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយ ខណៈលោកនឹងក្លាយជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស នៅចុងខែនេះ។

នាយករដ្ឋមន្ត្រី លោក Keir Starmer កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសផែនការការពារជាតិដែលត្រូវបានពន្យារពេលជាយូរមកក្នុងបំណងធ្វើឱ្យកងកម្លាំងប្រដាប់អាវុធរបស់ចក្រភពអង់គ្លេសដែលចុះខ្សោយត្រៀមខ្លួនសម្រាប់សង្គ្រាម ក្នុងពេលមានការគំរាមកំហែងសន្តិសុខកើនឡើង និងព្រមានថា រុស្ស៊ីអាចវាយប្រហារលើសមាជិកណាតូណាមួយក្នុងពេលឆាប់ៗ។

លោក Luke Pollard រដ្ឋមន្ត្រីទទួលបន្ទុកផ្គត់ផ្គង់សព្វាវុធរបស់ក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃពុធថា លោក Burnham ទើបតែបានដឹងអំពីបញ្ហាចន្លោះប្រហោងថវិកានៅថ្ងៃដែលវាត្រូវបានផ្សព្វផ្សាយ។ លោក Pollard បានប្រាប់សារព័ត៌មាន Sky News ថា «វាពុំមែនជារឿងចម្លែកទេដែលរដ្ឋាភិបាលធ្វើការប្រកាសដោយនិយាយថា នេះជាអ្វីដែលយើងនឹងចំណាយ ហើយបន្ទាប់មកបំពេញព័ត៌មានលម្អិតនៃរឿងនោះសម្រាប់ថវិកាបន្ទាប់»។ លោក Dan Jarvis រដ្ឋមន្ត្រីក្រសួងការពារជាតិ កំពុងប្រឈមនឹងបញ្ហាជុំវិញគម្លាតថវិកា។ លោក Jarvis បានគេចវេះសំណួរម្តងហើយម្តងទៀតអំពីថាតើត្រូវបញ្ជាក់យ៉ាងដូចម្តេចដល់លោក Burnham ជុំវិញការបន្សល់ទុកនូវភាពចន្លោះប្រហោងថវិកា។ លោក Jarvis បានប្រាប់សារព័ត៌មាន BBC Newsnight ថា «ជាការពិត យើងបានពិភាក្សាជាមួយ លោក Andy Burnham និងក្រុមរបស់លោកអំពីផែនការនេះ» និងបានបញ្ជាក់ពីការផ្តោតការយកចិត្តទុកដាក់របស់លោក Starmer លើការផ្លាស់ប្តូរអំណាចដោយរលូន។