អ្នកវិភាគនិយាយថា បណ្តាប្រទេសឈូងសមុទ្រ ទំនងជានឹងពន្លឿនការជំរុញធ្វើពិពិធកម្មភាពជាដៃគូសន្តិសុខរបស់ខ្លួនបន្ទាប់ពីសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ខណៈតំបន់នេះកំពុងទប់ទល់ផលប៉ះពាល់ជម្លោះយូរអង្វែង។

ខណៈទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បើកការចរចាឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងយូរអង្វែង ប្រទេសក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលស្ថិតនៅក្រោមការវាយប្រហាររបស់អ៊ីរ៉ង់ក្នុងអំឡុងពេលសង្គ្រាម កំពុងពង្រីកទំនាក់ទំនងរបស់ពួកគេក្នុងពេលមានភាពមិនប្រាកដប្រជា។

សូម្បីតែនៅមុនពេលសង្គ្រាម ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានចុះហត្ថលេខាលើកតិកាសញ្ញាការពារជាតិជាមួយប្រទេសប៉ាគីស្ថាន ដែលសម្ព័ន្ធភាពអាចពង្រីកដល់ប្រទេសដទៃទៀតនៅក្នុងតំបន់។ អ្នកជំនាញនិយាយថា រយៈពេលជាច្រើនឆ្នាំមកហើយ រដ្ឋឈូងសមុទ្របានទិញប្រព័ន្ធការពារជាតិពីប្រទេសអឺរ៉ុបមួយចំនួន ខណៈរក្សាទំនាក់ទំនងជាមិត្តភាពជាមួយប្រទេសរុស្ស៊ី និងចិន ជាវិធីសាស្រ្តមួយដែលទំនងជាត្រូវបានពង្រឹងដោយជម្លោះ ។ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានរដ្ឋឈូងសមុទ្រអារ៉ាប់ បាននិយាយថា ការស្វះស្វែងរកដៃគូសន្តិសុខថ្មី ពុំមែនមានបំណងជំនួសសហរដ្ឋអាមេរិកនោះទេ។ ការផ្តោតសំខាន់សម្រាប់ប្រទេសនានាដូចជាអារ៉ាប៊ីសាអ៊ូឌីត គឺតុល្យភាពអំណាចក្នុងតំបន់ និងការរុញច្រានទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ នេះពុំមានន័យថាជំនួសសហរដ្ឋអាមេរិកដោយប៉ាគីស្ថានទេ វាមានន័យថាធ្វើពិពិធកម្មភាពជាដៃគូ និងបង្កើតវេទិកាដូចជាក្រុមដែលគេហៅថាក្រុមប្រទេសបួន មានអារ៉ាប៊ីសាអ៊ូឌីត ទួរគី អេហ្ស៊ីប និងប៉ាគីស្ថាន។ វាក៏មានន័យថា អភិវឌ្ឍសមត្ថភាពការពារជាតិក្នុងស្រុករបស់ខ្លួន និងអភិវឌ្ឍស្វ័យភាពប្រចាំតំបន់បន្ថែមទៀត។