អឺរ៉ុប៖ បំពង់បង្ហូរឧស្ម័នធម្មជាតិនៅព្រំដែនប្រទេសក្រិក និងប៊ុលហ្គារីដែលត្រៀមនឹងដំណើរការក្នុងខែមិថុនា គឺជាបំណងរបស់សហភាពអឺរ៉ុបដើម្បីបន្ធូរបន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី។ វាត្រូវបានធ្វើឡើង បន្ទាប់ពីការសម្រេចចិត្តកាលពីពេលថ្មីៗនេះរបស់ទីក្រុងមូស្គូ ក្នុងការកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅឲ្យប្រទេសប៉ូឡូញ និងប៊ុលហ្គារី ជុំវិញការទាមទារសម្រាប់ការទូទាត់ប្រាក់ជាប្រាក់រូប្លិ៍របស់រុស្ស៊ី ដែលផ្តើមចេញពីការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចជុំវិញសង្គ្រាមនៅអ៊ុយក្រែន។
ដោយហៅឈ្មោះជាផ្លូវការថា បណ្ដាញភ្ជាប់បំពង់ឧស្ម័នក្រិក-ប៊ុលហ្គារី គម្រោងនេះមានគោលបំណងបំពេញបន្ថែមបណ្ដាញឧស្ម័ននៅអឺរ៉ុបដែលមានស្រាប់។ លោក George Tasakos ប្រធានផ្នែកបំពង់បង្ហូរប្រេង និងបណ្ដាញរបស់ក្រុមហ៊ុន AVAX Group នៅប្រទេសក្រិកនិយាយថា បំពង់បង្ហូរប្រេងនេះនឹងផ្តល់ប្រភពឧស្ម័នជំនួសដល់បណ្ដាប្រទេស ដូចជាប៊ុលហ្គារីដែលពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី។ ការតភ្ជាប់បំពង់បង្ហូរប្រេងនឹងដំណើរការរវាងទីក្រុង Komotini ភាគឦសានប្រទេសក្រិក និងទីក្រុង Stara Zagora នៅប្រទេសប៊ុលហ្គារីភាគកណ្ដាល ហើយនឹងផ្តល់ឱ្យប្រទេសទាំងពីរ និងប្រទេសជិតខាងរបស់ពួកគេចូលទៅកាន់ការតភ្ជាប់បណ្ដាញថ្មី ទៅកាន់ទីផ្សារឧស្ម័នពិភពលោកដែលកំពុងពង្រីក។
បំពង់បង្ហូរប្រេងមានតម្លៃ ២៤០លានអឺរ៉ូ (២៥០លានដុល្លារ) ដែលផ្តល់មូលនិធិដោយប្រទេសប៊ុលហ្គារី ក្រិក និងសហភាពអឺរ៉ុបនឹងបញ្ជូនឧស្ម័ន ៣ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំជាមួយនឹងគោលដៅដើម្បីពង្រីកដល់ ៥ពាន់លានម៉ែត្រគូប។ ទោះជាយ៉ាងណាគម្រោងប្រវែង ១៨០គីឡូម៉ែត្រគឺជាគម្រោងដំបូង ក្នុងចំណោមការតភ្ជាប់បណ្ដាញឧស្ម័នដែលបានគ្រោងទុកជាច្រើន នឹងអនុញ្ញាតឱ្យសមាជិកសហភាពអឺរ៉ុបខាងកើតដំណើរទៅកាន់ទីផ្សារឧស្ម័នពិភពលោក។ បណ្ដាញតភ្ជាប់ចំនួន ៨បន្ថែមទៀតអាចនឹងត្រូវបានសាងសង់នៅអឺរ៉ុបខាងកើតទៅដល់ប្រទេសអ៊ុយក្រែន និងអូទ្រីស។ សហភាពអឺរ៉ុបមានផែនការកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ីក្នុងរយៈពេល ៥ឆ្នាំខាងមុខ៕
អត្ថបទ៖ ប៊ុនថន