ប្រជាជនអ៊ីស្រាអែលនៅទីក្រុង Tel Aviv បានទៅទស្សនាការតាំងពិព័រណ៍រំលឹកវិញ្ញាណក្ខន្ធ នៅ«ទីលានចំណាប់ខ្មាំង» កាលពីថ្ងៃព្រហស្បតិ៍ ទី ២ ខែកក្កដា ដោយបានរៀបចំខួប១ពាន់ថ្ងៃចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី ៧ ខែតុលា ខណៈអ្នកផ្សេងទៀតបានចេញតវ៉ានៅតាមដងផ្លូវ។ ការតាំងពិព័រណ៍នៅទីលានចំណាប់ខ្មាំង បានបង្ហាញសម្ភារៈនិងទ្រព្យសម្បត្តិរបស់អ្នកទាំងឡាយដែលត្រូវបានសម្លាប់នៅថ្ងៃនោះដោយក្រុមសកម្មប្រយុទ្ធហាម៉ាស។ ក្រុមអ្នកតវ៉ានៅអ៊ីស្រាអែល បានអំពាវនាវឱ្យរដ្ឋាភិបាលបង្កើតគណៈកម្មការស៊ើបអង្កេតមួយលើព្រឹត្តិការណ៍ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ខណៈក្រុមអ្នកតវ៉ា និងអ្នកនយោបាយប្រឆាំង ទាមទារឲ្យមានការទទួលខុសត្រូវ។
នៅក្នុងការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានវាយលុកចូលទៅក្នុងសហគមន៍ព្រំដែនអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ និងចាប់ពង្រត់មនុស្សជាង ១៥០ នាក់ផ្សេងទៀត ភាគច្រើនជាជនស៊ីវិល។
ក្នុងការឆ្លើយតប អ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមលើក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ដោយសម្លាប់មនុស្សជាង ៧៥.០០០ នាក់ និងបន្សល់ទុកដែនដីភាគច្រើនរងការបំផ្លិចបំផ្លាញ។ សង្គ្រាមបានបញ្ឈប់ដោយបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិកនៅក្នុងខែតុលា ឆ្នាំ២០២៥។
ប្រជាជនអ៊ីស្រាអែល បានធ្វើបាតុកម្មនៅទូទាំងប្រទេសចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍។ ពួកគេបាននិយាយថាជាការរំលឹកដល់ជនរងគ្រោះ និងទាមទារឱ្យគណៈកម្មាធិការស៊ើបអង្កេតឯករាជ្យរបស់រដ្ឋ លើព្រឹត្តិការណ៍នេះ។

