ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា សមាជិកកងកម្លាំងសន្តិសុខផ្ទៃក្នុងស៊ីរី ៣រូប បានរងរបួស នៅថ្ងៃសុក្រ (ទី៣ ខែកក្កដា ឆ្នាំ២០២៦) នេះ ក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់បែក នៅចំណុចត្រួតពិនិត្យមួយ ក្បែរទីក្រុងដាម៉ាស។
ជនសង្ស័យវាយប្រហារ ត្រូវបានសម្លាប់ បន្ទាប់ពីគ្រាប់បែក ១គ្រាប់ បានផ្ទុះនៅក្នុងដៃរបស់គេ ក្នុងអំឡុងពេលកើតហេតុ នៅច្រកចូលនៃទីក្រុង Jaramana។
ដោយដកស្រង់ប្រភពសន្តិសុខ សារព័ត៌មាន SANA បានឱ្យដឹងថា បុគ្គលិកប៉ុស្តិ៍ត្រួតពិនិត្យ បានឃាត់សួរនាំបុរស ២នាក់ដែលកំពុងជិះម៉ូតូក្នុងអំឡុងពេលត្រួតពិនិត្យអត្តសញ្ញាណជាប្រចាំ។ ក្នុងអំឡុងពេលត្រួតពិនិត្យ ជនសង្ស័យម្នាក់បានដកកាំភ្លើងខ្លីមួយដើម បាញ់ជាច្រើនគ្រាប់ទៅលើអាកាស និងគប់គ្រាប់បែកដៃ២គ្រាប់ទៅលើបុគ្គលិកសន្តិសុខ បណ្តាលឱ្យមន្ត្រី ៣នាក់រងរបួស។
ប្រភពនោះបានបញ្ជាក់ថា ជនសង្ស័យត្រូវបានសម្លាប់ ខណៈពេលកំពុងព្យាយាមគប់គ្រាប់បែកទី៣ នៅពេលដែលវាផ្ទុះនៅក្នុងដៃរបស់គេ។ ក្រោយមក អាជ្ញាធរបានកំណត់អត្តសញ្ញាណអ្នកស្លាប់ថា ជាជនសង្ស័យដែលត្រូវបានចាប់ខ្លួនពីបទឃាតកម្ម និងជួញដូរគ្រឿងញៀន។
សារព័ត៌មាន SANA បានបន្ថែមថា បុរសទី២ ដែលធ្វើដំណើរមកជាមួយជនវាយប្រហារ ត្រូវបានចាប់ខ្លួន ហើយអាជ្ញាធរបានបើកការស៊ើបអង្កេត និងចាប់ផ្តើមដំណើរការផ្លូវច្បាប់៕