ក្រុមជម្រើសជាតិស្វ៊ីសបានបញ្ចប់ការរង់ចាំអស់រយៈពេល ៨៨ ឆ្នាំ ដោយយកឈ្នះក្រុមជម្រើសជាតិអាល់ហ្សេរីក្នុងលទ្ធផល ២-០ នៅវគ្គ ៣២ ក្រុមចុងក្រោយ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ដើម្បីកក់កៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។
គ្រាប់បាល់បើកឆាករបស់ស្វ៊ីសកើតឡើងនៅនាទីទី១០ ដោយខ្សែប្រយុទ្ធ Breel Embolo មុនពេលគ្រាប់ទី២ កើតឡើងនៅពេលចាប់ផ្តើមវគ្គទីពីរបានត្រឹម ៤៨ វិនាទីប៉ុណ្ណោះដោយ Dan Ndoye។
ថ្វីបើអាល់ហ្សេរីមានឱកាសល្អមួយចំនួននៅដើមការប្រកួត និងគ្រប់គ្រងបាល់បានច្រើនជាងនៅវគ្គខ្លះក៏ដោយ ពួកគេមិនអាចទម្លុះខ្សែការពារដ៏រឹងមាំរបស់ស្វ៊ីសបានឡើយ។ ប្រធានក្រុម Riyad Mahrez ក៏មិនអាចជួយក្រុមរកគ្រាប់បាល់បានដែរ ខណៈអាល់ហ្សេរីត្រូវបញ្ចប់ដំណើររបស់ខ្លួននៅ World Cup 2026 ត្រឹមវគ្គ ៣២ ក្រុមចុងក្រោយ។
ក្រោយការប្រកួត គ្រូបង្វឹក Murat Yakin បានសរសើរកូនក្រុមចំពោះវិន័យក្នុងការការពារ និងការអនុវត្តយុទ្ធសាស្ត្របានយ៉ាងល្អ ដែលជាគន្លឹះនាំឱ្យស្វ៊ីសទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនេះ។
ជ័យជម្នះនេះគឺជាការឈ្នះក្នុងវគ្គចាញ់-ធ្លាក់ (Knockout) នៅ World Cup លើកដំបូងរបស់ស្វ៊ីស ចាប់តាំងពីឆ្នាំ១៩៣៨ ហើយពួកគេនឹងបន្តជួបអ្នកឈ្នះរវាងកូឡុំប៊ី និងហ្គាណា នៅវគ្គ ១៦ ក្រុមចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ



