គណៈកម្មការអឺរ៉ុបកាលពីថ្ងៃសុក្រ ទី៣ ខែកក្កដា បានស្នើគម្រោងការពារជាតិឆ្លងព្រំដែនទ្រង់ទ្រាយធំចំនួនប្រាំ ដែលបើកផ្លូវឱ្យពួកគេទទួលបានមូលនិធិពីសហភាពអឺរ៉ុប។ គម្រោងផលប្រយោជន៍រួមវិស័យការពារជាតិរបស់អឺរ៉ុបដែលបានស្នើឡើងរួមមានគម្រោងយានដ្រូន និងគម្រោងប្រឆាំងយានដ្រូន ដែលពាក់ព័ន្ធនឹងប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន២៦ប្រទេស បូកថែមន័រវែសនិងអ៊ុយក្រែន និងគម្រោងឃ្លាំមើលស្លាបខាងកើតដែលមានសមាជិកអឺរ៉ុបចំនួន១៣ប្រទេស បូកថែមន័រវែស និងអ៊ុយក្រែន។
វាក៏រួមមានទាំងគម្រោងការពារដែនសមុទ្រនិងបាតសមុទ្ររួមបញ្ចូលគ្នា គម្រោងការពារដែនអាកាសនិងមីស៊ីល គម្រោងព្រមានជាមុន និងគម្រោងការពារជាតិដែលមានមូលដ្ឋានលើលំហអាកាស។
គណៈកម្មការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «គម្រោងថ្មីៗទាំងនេះ ផ្តល់នូវក្របខ័ណ្ឌសម្រាប់ប្រទេសសហភាពអឺរ៉ុបធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមការពារជាតិសំខាន់ៗដែលមានទំហំធំ ឬស្មុគស្មាញ សម្រាប់ប្រទេសនីមួយៗក្នុងការអភិវឌ្ឍដោយខ្លួនឯង»។
គណៈកម្មការបាននិយាយបន្ថែមថា «តាមរយៈការគាំទ្រកិច្ចសហប្រតិបត្តិការរយៈពេលវែង គម្រោងមានគោលបំណងពង្រឹងឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប និងបង្កើនសមត្ថភាពរបស់សហភាពអឺរ៉ុបក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខរួម ស្របតាមអាទិភាពសមត្ថភាពរបស់ណាតូ៕

