ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមា គមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានដាក់តឿនទៅដល់វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យទាំងអស់ ត្រូវតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ ជាមួយនឹងការសង្គ្រោះអ្នកជំងឺដោយក្តីមេត្តា និងការទំនុកចិត្ត ។
ក្នុងឱកាសអញ្ជើញបើកសន្និសីទទន្តសាស្ត្រលើកទី២ ប្រចាំឆ្នាំ២០២៦ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេតេជោក្រោមប្រធានបទ “ការលើកកម្ពស់ ការអនុវត្តបច្ចេកទេសទន្តសាស្ត្រឈានមុខ” នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា ក្រុមគ្រូពេទ្យ ត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាព ស្របពេលមានការរីកចម្រើនខ្លាំង នៃបច្ចេកវិទ្យាសកលលោក ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយសិក្សាមានចំណេះដឹងឲ្យពិតប្រាកដ ច្បាស់លាស់ទាំងការព្យាបាល ការបកស្រាយពន្យល់ទៅដល់អ្នកជំងឺ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា ក្នុងនាមជាគ្រូពេទ្យត្រូវចាំថារាល់អ្នកជំងឺមករកសេវាសុខាភិបាលពីខ្លួន ដោយសារមានទុកចិត្ត ហើយគ្រូពេទ្យត្រូវតែមានជំនាញអាចស្ដាប់ អាចពន្យល់ យកចិត្តទុកដាក់ និងផ្ដល់សុវត្ថិភាពដល់អ្នកជំងឺ ដែលហេតុផលទាំងអស់នេះ ជាតម្លៃដែលក្រុមគ្រូពេទ្យ និងទន្តបណ្ឌិតគ្រប់រូបត្រូវរក្សាឲ្យបាន ទោះ បីជាបច្ចេកវិទ្យាមានរីកចម្រើនដល់កម្រិតណាក៏ដោយ។
ជាមួយនេះ លោកជំទាវបណ្ឌិត បានចែករំលែកជាគោលគំនិត សម្រាប់ក្រុមគ្រូពេទ្យចំនួន៥ចំណុចសំខាន់ៗ គឺទី១. ត្រូវចាត់ទុកសន្និសីទនេះ សម្រាប់ជាវេទិកាសិក្សារៀនសូត្រពិតប្រាកដ គឺអ្នកចូលរួមត្រូវកត់ត្រាចំណុចសំខាន់ៗ ចេះសួរនាំ និងជជែកពិភាក្សា, ទី២. បន្តចែករំលែកបទពិសោធន៍ និងចំណេះដឹង, ទី៣. ត្រូវអភិវឌ្ឍន៍ជំនាញ ឲ្យស្របទៅនឹងបច្ចេកវិទ្យា ប៉ុន្តែកុំឲ្យបាត់បង់សីលធម៌ និងក្រមវិជ្ជាជីវៈ, ទី៤. ត្រូវតម្កល់អ្នកជំងឺនៅចំណុចកណ្ដាលនៃវិជ្ជាជីវៈ គឺព្យាបាលដោយសុវត្ថិភាព ការពន្យល់មានភាពច្បាស់លាស់ ការគោរចំពោះអ្នកជំងឺ ការតាមដានលទ្ធផល និងទទួលខុសត្រូវខ្ពស់ និងទី៥. TYDA បន្តថែរក្សាស្មារតីស្ម័គ្រចិត្ត និងមនុស្សធម៌របស់សមាគម ដែលមានស្មារតីជួយគ្នា ស្មារតីបម្រើប្រជាពលរដ្ឋ និងស្មារតីមិនទុកអ្នកណាម្នាក់ឲ្យនៅឯកោ នៅពេលជួបការពិបាក ។
លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិ TYDA បានឲ្យដឹងថា ក្នុងរយៈពេលជិត ១៤ឆ្នាំមកនេះ សមាគម បានចុះបេសកកម្មពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេសបានចំនួន ៦៦៤លើក និងព្យាបាលជំងឺបានជាង ៦៧ម៉ឺនករណី ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរជាង១៥ ០០០នាក់ បានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ និងជាមួយដៃគូសហការនានា ដែលក្នុងនោះមានអ្នកជំងឺបេះដូងធ្ងន់ចំនួន ៨៧នាក់ ដោយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់សមាគម ។ ជាមួយនោះ TYDA ក៏បានចូលរួមក្នុងការងារមនុស្សធម៌សង្គ្រោះអ្នកជំងឺជាមួយរាជរដ្ឋាភិបាល ក្នុងអំឡុងការរីករាលដាល នៃជំងឺកូវីដ-១៩ និងពិនិត្យព្យាបាលពលរដ្ឋភៀសសឹក ក្នុងពេលមានជម្លោះព្រំដែនជាមួយប្រទេសជិតខាង ។
គួរបញ្ជាក់ថា សន្និសីទនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់៥ ខែកក្កដា ឆ្នាំ២០២៦ ធ្វើឡើងក្នុងគោលបំណងចូលរួមពិគ្រោះពិភាក្សា ផ្លាស់ប្ដូរមតិយោបល់ ចែករំលែកឲ្យគ្នាទៅវិញទៅមកនូវពុទ្ធិ សំដៅស្វែងយល់ឲ្យកាន់តែច្បាស់ពីសមត្ថភាពអនុវត្តទន្តសាស្ត្រថ្មីៗ និងការរីកចម្រើននៃបច្ចេកវិទ្យា ក្នុងវិស័យសុខាភិបាល ៕ អត្ថបទ បាន សុខរិទ្ធិ












