ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប់យន្តហោះចម្បាំងអារ៉ាប៊ីសាអ៊ូឌីត ដែលបានចូលទៅក្នុងដែនអាកាសយេម៉ែន ដើម្បីរារាំងយន្តហោះស៊ីវិលអ៊ីរ៉ង់មិនឲ្យចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Sanaa ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចាក់ផ្សាយដោយទូរទស្សន៍ Al-Masirah របស់ក្រុមនេះ អ្នកនាំពាក្យយោធាហ៊ួទី លោក Yahya Sarea បាននិយាយថា យន្តហោះអារ៉ាប៊ីសាអ៊ូឌីតបានចូលទៅក្នុងដែនអាកាសយេម៉ែន នៅម៉ោងប្រហែល ៥: ២០ព្រឹក ម៉ោងក្នុងស្រុក ក្នុងការប៉ុនប៉ងបញ្ឈប់យន្តហោះអ៊ីរ៉ង់ ដែលលោកបាននិយាយថា កំពុងដឹកអ្នកដំណើរយេម៉ែនជាង ២០០នាក់ ដែលបានជាប់ខ្លួន រងរបួស និងឈឺ មិនឲ្យចុះចតនៅអាកាសយានដ្ឋាន ក្នុងទីក្រុង Sanaa ។
លោក Sarea បាននិយាយថា កងកម្លាំងការពារដែនអាកាសហ៊ួទី បានបាញ់មីស៊ីលការពារដែនអាកាសជាច្រើនគ្រាប់ ដោយបង្ខំឲ្យយន្តហោះអារ៉ាប៊ីសាអ៊ូឌីតចាកចេញពីដែនអាកាសយេម៉ែន។
លោកបានព្រមានថា ការរំលោភបំពានឡើងវិញណាមួយលើដែនអាកាសយេម៉ែន ឬការវាយប្រហារនឹងបង្កឲ្យមានការឆ្លើយតបទ្រង់ទ្រាយធុំ ដែលកំណត់គោលដៅអាកាសយានដ្ឋានអារ៉ាប៊ីសាអ៊ូឌីត និងកន្លែងយុទ្ធសាស្ត្រផ្សេងទៀត៕

