ក្រសួងអប់រំ យុវជន និងកីឡា អះអាងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតែបន្តអនុវត្តគោលការណ៍ “អ្នកចេះគឺជាប់” ដើម្បីធានាយុត្តិធម៌សម្រាប់យុវជនដែលខិតខំសិក្សា និងជាការកសាងធនធានមនុស្ស ឆ្ពោះទៅកម្ពុជា ឆ្នាំ២០៥០។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ BTV នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះ ក្រសួងអប់រំ នៅតែប្រកាន់គោលការណ៍គ្រឹះ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ឬអ្នកចេះគឺជាប់។ អ្នកនាំពាក្យ សង្កត់ធ្ងន់ថា ការបន្តអនុវត្តគោលការណ៍គ្រឹះទាំង ៤ ដោយម៉ឺងម៉ាត់ គឺដើម្បីលើកតម្កើងទាំងគុណភាពក្នុងការសិក្សា យុត្តិធម៌នៅក្នុងសង្គម សុច្ចរិតភាព ជំរុញនូវការខិតខំប្រឹងប្រែងក្នុងកសាងធនធានមនុស្ស ដែលមានសមត្ថភាព រួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍ។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ៖«សរុបសេចក្ដីមក ការអនុវត្តគោលការណ៍ “អ្នកចេះគឺជាប់” នៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺមិនមែនគ្រាន់តែជាគោលការណ៍សម្រាប់តែការប្រឡងប៉ុណ្ណោះទេ។ ក៏ប៉ុន្ដែជាវប្បធម៌អប់រំ ដែលចូលរួមនៅក្នុងការលើកតម្កើង ទាំងគុណភាពនៅក្នុងការសិក្សា យុត្តិធម៌ នៅក្នុងសង្គម សុច្ចរិតភាព ក៏ដូចជាការជំរុញនូវការខិតខំប្រឹងប្រែង ក្នុងការកសាងធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដ សម្រាប់ការកសាងប្រទេសកម្ពុជា ឱ្យស្របទៅតាមគោលការណ៍ក៏ដូចជាទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាឱ្យជាប្រទេសអភិវឌ្ឍនៅក្នុងឆ្នាំ២០៥០ខាងមុខនេះ»។
ចំណែកសិស្សានុសិស្ស ដែលកំពុងសិក្សានៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រាប់ BTV ថា ពួកគេពេញចិត្តចំពោះគោលការណ៍គ្រឹះ របស់ក្រសួងអប់រំ “អ្នកចេះគឺជាប់” ពីព្រោះនេះ គឺជាការលើកទឹកចិត្តដ៏ធំសម្រាប់ពួកគេ។ ក្រុមសិស្សានុសិស្ស ដែលបានដាក់គោលដៅប្រឡងយកនិទ្ទេសល្អ ដើម្បីទៅបន្តការសិក្សានៅក្រៅប្រទេស អះអាងថា ក្រោមប្រឡងដ៏តឹងរ៉ឹង លទ្ធផលដែលទទួលបានពីការប្រឹងប្រែង គឺជាមោទនភាព សម្រាប់គ្រួសារ និងសង្គមជាតិ។
សូមជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦នេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១០ និងទី១១ ខែសីហា ឆ្នាំ២០២៦ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះ អ្នកចេះគឺជាប់។ ខណៈនៅបាំងតែ ៥សប្ដាហ៍ទៀត ការប្រឡងនឹងចូលមកដល់ ក្រសួងអប់រំ លើកទឹកចិត្ត និងអំពាវនាវដល់សិស្សានុសិស្ស ស្វែងយល់ឱ្យបានច្បាស់ពី លក្ខន្តិកៈ នៃដំណើរការប្រឡង ត្រូវបន្តការខិតខំសិក្សា និងថែរក្សាសុខភាព ដើម្បីត្រៀមការប្រឡងដែលចូលមកដល់នៅខែសីហាខាងមុខនេះ៕ អត្ថបទ៖ លៀ ស៊ីណា










