អ្នកនាំពាក្យរបស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានប្រាប់សារព័ត៌មាន Arab Newsថា ក្រុមអ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កំពុងស្ថិតក្នុងទឹកដីនៃប្រទេសលីបង់ ដើម្បីប្រមូលភស្តុតាងស្តីពីការរំលោភបំពានដែលប្រព្រឹត្តដោយគ្រប់ភាគីទាំងអស់នៃជម្លោះ ចាប់តាំងពីថ្ងៃទី ០២ ខែមីនា បន្ទាប់ពីទីក្រុងបេរូត បានផ្តល់ការធានាសម្រាប់ការដាក់ពង្រាយបេសកកម្មនេះ។
អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) លោក Thameen Al-Kheetan បាននិយាយថា៖«ក្រុមការងាររបស់យើង កំពុងធ្វើការនៅប្រទេសលីបង់ បន្ទាប់ពីទទួលបានការធានាចាំបាច់ពីរដ្ឋាភិបាលលីបង់»។
«ការងាររបស់ពួកគេពាក់ព័ន្ធនឹងការសម្ភាសន៍ជាមួយជនរងគ្រោះនៃការរំលោភសិទ្ធិមនុស្ស សាក្សី តំណាងសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស និងអ្នកពាក់ព័ន្ធផ្សេងទៀត»។
លោក Al-Kheetan បាននិយាយថា បេសកកម្មនេះ ដែលការដាក់ពង្រាយត្រូវបានប្រកាសដោយឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Turk នៅថ្ងៃទី ១០ ខែមិថុនា នឹងស្វែងរកការចូលទៅកាន់តំបន់ដែលរងការវាយប្រហារដោយអរិភាពនៅសងខាងនៃព្រំដែនលីបង់-អ៊ីស្រាអែល ដោយបន្ថែមថា «សន្តិសុខ និងសុវត្ថិភាពរបស់ក្រុមយើង និងអ្នកចូលរួមរបស់យើង គឺសំខាន់ណាស់»៕

