អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Galuzin បាននិយាយថា ទីក្រុងមូស្គូដឹងថា រដ្ឋបាល់ទិកបានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសរបស់ពួកគេសម្រាប់ការវាយប្រហារដោយយានដ្រូនដែលកំណត់គោលដៅភាគពាយ័ព្យនៃប្រទេសរុស្ស៊ី។
ទីក្រុងគីវបានបង្កើនការវាយប្រហារដោយយានដ្រូនរយៈចម្ងាយឆ្ងាយរបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធថាមពល នៅក្នុងតំបន់ Leningrad របស់រុស្ស៊ី ដែលព័ទ្ធជុំវិញទីក្រុងធំទី២ របស់ប្រទេសនេះគឺ St. Petersburg ចាប់តាំងពីរដូវផ្ការីកមក។ មានឧប្បត្តិហេតុមួយចំនួនដែលដ្រូនផ្ទុកគ្រឿងផ្ទុះ បានធ្លាក់នៅក្នុងរដ្ឋសមាជិកណាតូក្បែរនោះគឺ ឡាតវី លីទុយអានី និងអេស្តូនី ខណៈពេលដែលកំពុងហោះសំដៅទៅកាន់ប្រទេសរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
តំបន់ Leningrad បានឃើញការវាយប្រហារដោយយានដ្រូន ដ៏សំខាន់ចុងក្រោយបំផុតរបស់អ៊ុយក្រែន នៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះ។ យ៉ាងហោចណាស់យានដ្រូន ចំនួន ៧២ គ្រឿង ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស។ នេះបើយោងតាមអភិបាលតំបន់លោក Aleksandr Drozdenko។
នៅថ្ងៃសៅរ៍នេះដែរ លោក Galuzin បានប្រាប់សារព័ត៌មាន RIA Novosti ថា អាជ្ញាធររុស្ស៊ីបានផ្ទៀងផ្ទាត់ទិន្នន័យដែលបង្ហាញថា ឡាតវី និងសាធារណរដ្ឋបាល់ទិកផ្សេងទៀត បានផ្តល់ច្រករបៀងផ្លូវអាកាសសម្រាប់យានដ្រូនរបស់អ៊ុយក្រែនដែលបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ប្រទេសយើងរួចហើយ»៕

