ឯកឧត្តមសាស្រ្តាចារ្យ គង់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យភ្នែក និងជាប្រធានកម្មវិធីបណ្តុះបណ្តាលនិស្សិតឯកទេសចក្ខុរោគ បានអៈអាងថា ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស និងការសម្រេចបាននូវគោលដៅគ្របដណ្តប់សុខភាពជាសកល។
ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ គង់ ពិសិដ្ឋ យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «នវានុវត្តន៍ឌីជីថល និងការតភ្ជាប់ការសង្គ្រោះគំហើញកុមារប្រកបដោយបរិយាបន្ន» ដែលរៀបចំដោយសមាគមគ្រូពេទ្យភ្នែកកម្ពុជា កម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល គាំទ្រដោយមូលនិធិ ហ្វ្រេដហូឡូ, នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ។
ឯកឧត្តមសាស្រ្តាចារ្យ បន្តថា កុមារគ្រប់រូបគួរតែទទួលបានឱកាសស្មើគ្នាក្នុងការមើលឃើញ រៀនសូត្រ និងអភិវឌ្ឍសក្តានុពលរបស់ខ្លួនដោយគ្មានឧបសគ្គពីបញ្ហាភ្នែកដែលអាចបង្ការ ឬព្យាបាលបាន។ ដោយហេតុនេះ ការសង្គ្រោះគំហើញកុមារ មិនគួរត្រូវបានមើលឃើញថាជាសកម្មភាពដាច់ដោយឡែកនោះទេ ប៉ុន្តែត្រូវជាប្រព័ន្ធតភ្ជាប់គ្នាពេញលេញ ចាប់ពីការស្វែងរក និងពិនិត្យរកឃើញករណីនៅតាមសហគមន៍ និងសាលារៀន ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ ការផ្តល់ការព្យាបាលសមស្រប ការតាមដានលទ្ធផលជាបន្តបន្ទាប់ និងការបញ្ជូនអ្នកជំងឺ ទៅកាន់សេវាឯកទេសក្នុងពេលចាំបាច់។
ឯកឧត្តមសាស្រ្តាចារ្យ គង់ ពិសិដ្ឋ បានសង្កត់ធ្ងន់ថា សមាគមគ្រូពេទ្យភ្នែកកម្ពុជា ដោយសហការជាមួយកម្មវិធីជាតិសុខភាពភ្នែក មូលនិធិ មូលនិធិហ្វ្រេដហូឡូ ដៃគូទាំងអស់ ជាពិសេសសមាជិក សមាជិកា នៃសមាគម ដើម្បីជំរុញការអនុវត្ត ការពង្រឹងប្រព័ន្ធបញ្ជូន និងការធានាឱ្យកុមារគ្រប់រូប ទទួលបានសេវាសុខភាពភ្នែកប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ស្របតាមចក្ខុវិស័យរបស់ក្រសួងសុខាភិបាល និងផែនការយុទ្ឋសាស្ត្រជាតិស្តីពីការគ្រប់គ្រងនិងបង្ការភាពពិការភ្នែក ឆ្នាំ ២០២១-២០៣០។ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក បាក់ តូឃ្យូ នាយកមូលនិធិ ហ្វ្រេដហូឡូ ប្រចាំប្រទេសកម្ពុជា និងសហការី ដែលតែងតែគាំទ្រដល់សមាគមគ្រូពេទ្យភ្នែកកម្ពុជាគ្រប់កាលៈទេសៈ។
លោកស្រីវេជ្ជបណ្ឌិត សូរ សុបញ្ញាវតី ប្រធានសមាគមគ្រូពេទ្យភ្នែកកម្ពុជា មានប្រសាសន៍ថា សិក្ខាសាលាមានគោលបំណងជំរុញការពិភាក្សា ការផ្លាស់ប្តូរបទពិសោធន៍ និងការពង្រឹងបណ្តាញសហការរវាងអ្នកជំនាញផ្នែកចក្ខុរោគ មន្ទីរពេទ្យថ្នាក់ជាតិ និងក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ និងលើកកម្ពស់គុណភាពសេវាចក្ខុរោគកុមារនៅកម្ពុជា។ ស្របគ្នានេះដែរ សមាគមកំពុងរៀបចំ ផែនការយុទ្ធសាស្ត្ររបស់ខ្លួន ដែលនឹងកំណត់ទិសដៅ និងអាទិភាពការងារសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ ជឿជាក់ថា សមាគមគ្រូពេទ្យភ្នែកកម្ពុជា នឹងបន្តក្លាយជាសំឡេងវិជ្ជាជីវៈដ៏រឹងមាំ និងជាមជ្ឈមណ្ឌលនៃការរៀនសូត្រឥតឈប់ឈរ សម្រាប់អ្នកជំនាញផ្នែកចក្ខុរោគគ្រប់ជំនាន់។ ការរីកចម្រើនរបស់សមាជិកម្នាក់ៗ គឺជាការរីកចម្រើនរបស់សមាគម ហើយការរីកចម្រើនរបស់សមាគម គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សុខភាពភ្នែករបស់ប្រជាជនកម្ពុជាទាំងមូល៕ អត្ថបទ រដ្ឋា










