នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ឹង សំផន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចន្ទ្រា ខេត្តស្វាយរៀង។
នៅក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧នេះដែរ ក៏បានប្រគល់សេចក្តីសម្រេចកែសម្រួលសមាសភាពប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសំរោង ផ្សព្វផ្សាយសេចក្តីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈកម្មាធិការកណ្តាល និងផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់កម្មាធិការគណបក្សស្រុកចន្ទ្រា។
ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ម៉ឹង សំផនបានថ្លែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចន្ទ្រា ដែលបានយកអស់កំលាំងកាយចិត្តបំរើប្រជាពលរដ្ឋ នាពេលកន្លងមក។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ឹង សំផន ក៏បានរំលឹកឡើងវិញអំពីទុក្ខលំបាករបស់ប្រជាជនកម្ពុជាដែលបានរស់នៅឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន ដឹកនាំកសាងកងកម្លាំងដើម្បីរំដោះប្រទេសជាតិចេញផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត នាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ។
ឯកឧត្តម បានរំលឹកថាក្រោយថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ សម្តេចតេជោ ហ៊ុន សែន បានខិតខំដឹកនាំកសាងប្រទេសជាតិចាប់តាំងពីបាតដៃទទេរ និងបានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ធ្វើឱ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព និង ការឯកភាពជាតិពេញលេញ និងមានការអភិវឌ្ឍ រីកចម្រើន រហូតមកដល់សព្វថ្ងៃនេះ។
ជាមួយគ្នានោះដែរឯកឧត្តម ម៉ឹង សំផន ក៏បានធ្វើការផ្តាំផ្ញើ ដល់សមាជិកក្រុមការងារទាំងអស់ ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួន អំពីតួនាទី ភារកិច្ចរបស់ខ្លួន ដែលគណបក្សបានប្រគល់ជូន ដើមី្បយកទៅអនុវត្តឱ្យទទួលបាន ជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់ ។ ទទឹមនេះ ក្រុមការងារ គណបក្សស្រុក-ឃុំ ត្រូវសហការរៀបចំ និងពង្រឹងមន្ត្រីដែលបំពេញការងារនៅតាមស្នាក់ការគណបក្សរៀងខ្លួន ដើម្បីធ្វើជាសេនាធិការ ទាំងក្នុងការងារគណបក្ស និងការងារបោះឆ្នោតរបស់គណ បក្សដើម្បីរួមគ្នាសម្រេចឱ្យបានជោគជ័យជូនគណបក្ស ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ៕
អត្ថបទបាន ចក់














