លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy មានការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃសៅរ៍ ដោយបានពិភាក្សាអំពីបញ្ហាជាច្រើន រួមទាំងជម្លោះអ៊ុយក្រែន ស្ថានភាពនៅអ៊ីរ៉ង់ និងការរៀបចំការទូតនាពេលខាងមុខ។
យោងតាមជំនួយការប្រធានាធិបតីរុស្ស៊ី លោកយូរី យូសាកូវ (Yuri Ushakov)ការសន្ទនា ដែលមានរយៈពេលប្រហែលមួយម៉ោង និង ២៥ នាទី គឺជាលើកទីបួនរវាងមេដឹកនាំទាំងពីរនៅឆ្នាំនេះ ហើយមានលក្ខណៈជាក់ស្តែង និងស្ថាបនាខ្ពស់។ ជំនួបនេះបានអនុញ្ញាតឱ្យមានការពិភាក្សាដោយស្មោះត្រង់អំពីបញ្ហាបន្ទាន់លើរបៀបវារៈទ្វេភាគី និងអន្តរជាតិ។
លោកយូសាកូវ និយាយថា ដោយផ្ដោតលើវិបត្តិអ៊ុយក្រែន លោក Trump បានបញ្ជាក់ជាថ្មីនូវឆន្ទៈរបស់លោកក្នុងការជំរុញឱ្យបញ្ចប់ប្រតិបត្តិការយោធាឱ្យបានឆាប់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនេះ។ បេសកជនពិសេសអាមេរិក លោក Steve Witkoff និងកូនប្រសាររបស់លោក Trump គឺលោក Jared Kushner នឹងបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល និងធ្វើទស្សនកិច្ចទីក្រុងមូស្គូនៅពេលវេលាសមស្រប។
ក្នុងអំឡុងពេលសន្ទនានោះ លោក Putin បានសង្កត់ធ្ងន់ម្តងទៀតថា រុស្ស៊ីចូលចិត្តដំណោះស្រាយនយោបាយ និងការទូតចំពោះជម្លោះ ប៉ុន្តែលុះត្រាតែជំហរគោលការណ៍ដ៏ល្បីល្បាញរបស់រុស្ស៊ីត្រូវបានពិចារណាយ៉ាងពេញលេញ។ លោកក៏បានបង្ហាញពីស្ថានភាពសមរភូមិផងដែរ ជាកន្លែងដែលកងទ័ពរុស្ស៊ីកំពុងរុលទៅមុខតាមខ្សែបន្ទាត់ទំនាក់ទំនងពេញលេញ។
យោងតាមលោក Zelenskyy នៅក្នុងសារបណ្ដាញសង្គមរបស់លោក រូបលោកនិង លោក Trump បានពិភាក្សាតាមទូរស៍ព្ទកាលពីថ្ងៃសៅរ៍ដែរ ដោយមេដឹកនាំទាំងពីរបានផ្លាស់ប្ដូរទស្សនៈស៊ីជម្រៅលើស្ថានភាពជួរមុខ និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ហើយបានព្រមព្រៀងគ្នាធ្វើកិច្ចប្រជុំទល់មុខគ្នាក្នុងអំឡុងពេលជំនួបកំពូលណាតូនៅទីក្រុងអង់ការ៉ា ដើម្បីបន្តការពិគ្រោះយោបល់ និងស្នើឲ្យអាមេរិកជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕